គណៈរដ្ឋមន្ត្រីថៃ បានធ្វើការអនុម័តលើការព្យួរបំណុល សម្រាប់អាជីវកម្មខ្នាតតូចជាច្រើន ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់ទាំងអស់ ដែលកំពុងជាប់បំណុល។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។
ការព្យួរបំណុលនេះ គឺស្ថិតនៅក្នុងផែនការជួយប្រជាពលរដ្ឋថៃប្រមាណ ១០,៣លាននាក់ របស់រដ្ឋាភិបាល ដែលកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ ដោយសារជាប់គាំងជាមួយបំណុល ពោលគិតត្រឹមចុងត្រីមាសទី២ នៃឆ្នាំ២០២៣នេះ បំណុលគ្រួសារប្រជាជនថៃ កើនឡើងរហូតដល់ ៩០,៧% នៃ GDP សរុបរបស់ប្រទេស។
ជាមួយគ្នា ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក រដ្ឋាភិបាលថៃបានព្យាយាមកំណត់តម្លៃប្រេងសាំង ឲ្យនៅត្រឹម ៣០បាតក្នុងមួយលីត្រ និងកំណត់ថ្លៃអគ្គិសនីត្រឹម ៤,២បាតប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់។
សូមជម្រាបដែរថា កន្លងមករដ្ឋាភិបាលថៃ តែងតែព្យាយាមរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាបំណុលនៅក្នុងប្រទេស ដែលវាគឺជាឧបសគ្គរារាំងដ៏ធំបំផុតមួយ ធ្វើឲ្យកំណើនសេដ្ឋកិច្ចនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន ស្ថិតនៅក្នុងសភាពជាប់គាំង៕