សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក អូកាដា ម៉ូតូយ៉ា (Okada Motoya) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួបនេះ លោក អាកាដា ម៉ូតូយ៉ា បានជម្រាបសម្តេចធិបតីអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន AEON MALL និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ទន្ទឹមនេះ លោកក៏បានជម្រាបជូនសម្តេចធិបតី អំពីការចូលរួមរបស់ក្រុមហ៊ុនក្នុងវិស័យអប់រំ តាមរយៈការកសាងសាលាបឋមសិក្សានៅតាមបណ្តាខេត្ត និងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជា ដើម្បីបន្តឱកាសសិក្សាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងការអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងអរគុណចំពោះការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន។ ដែលការណ៍នេះ បានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ ។
សម្តេចធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់ ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែនជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕