ទីក្រុងអាប៊ូដាប៊ី (Abu Dhabi) របស់ប្រទេសអារ៉ាប់រួម កំពុងក្លាយជាមជ្ឈមណ្ឌថ្មីមួយ សម្រាប់មហាសេដ្ឋីរាប់ពាន់នាក់ មកបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗរបស់ខ្លួន ក្នុងគោលបំណងដើម្បីការពារទ្រព្យសម្បត្តិពួកគេពីហានិភ័យផ្សេងៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា មជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងអាប៊ូដាប៊ី ឥឡូវនេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗ ច្រើនជាង ៥ ០០០ ក្រុមហ៊ុន បើធៀបទៅនឹងចំនួនត្រឹមតែ ៤៦ ក្រុមហ៊ុន នៅក្នុងឆ្នាំ ២០១៦។
ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាទ្រព្យសម្បត្តិ M/HQ ក៏បានបង្ហាញផងដែរថាក្រុមមហាសេដ្ឋីជាច្រើន បានចូលមកបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងអាប៊ូដាប៊ី នៅឆ្នាំនេះ ដោយក្នុងនោះរួមមានមហាសេដ្ឋីគ្រីបតូ គឺលោក Chagpeng Zhao , ក្រុមគ្រួសារមហាសេដ្ឋីឥណ្ឌា Adani , មហាសេដ្ឋីរកស៊ីលើការវិនិយោគ Ray Dalio និងមហាសេដ្ឋីរុស្ស៊ី Vladimir Lisin ដែលរកស៊ីលើអាជីវកម្មដែក ផងដែរ។
គួរឲ្យដឹងផងដែរថា ដោយសារតែការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានធ្វើឲ្យមានការហូរចូលទ្រព្យសម្បត្តិកាន់តែច្រើនមកកាន់ទីក្រុងអាប៊ូដាប៊ី ដែលនាំឲ្យប្រទេសអារ៉ាប់រួម ឥឡូវនេះបានក្លាយជាគោលដៅកំពូលទាំង៥ លើពិភពលោក សម្រាប់លំហូរក្រុមមហាសេដ្ឋីមកបណ្តាក់ទុនច្រើនបំផុត នៅក្នុងឆ្នាំ ២០២៣ រួមជាមួយប្រទេសអូស្ត្រាលី សិង្ហបុរី សហរដ្ឋអាមេរិក និងស្វីស។
ជម្រាបជូនផងដែរថា ស្ថានភាពសុវត្ថិភាពនៃអាជីវកម្មរបស់ប្រទេសអារ៉ាប់រួម គឺជាហេតុផលដ៏ចម្បងមួយក្នុងចំណោមហេតុផលផ្សេងទៀត ក្នុងការទាក់ទាញក្រុមមហាសេដ្ឋីឲ្យមកបណ្តាក់ទុនរកស៊ីនៅប្រទេសនេះ ខណ:អត្រាពន្ធទាប ប្រព័ន្ធថែទាំសុខភាពលំដាប់ទី១ អចលនទ្រព្យលំដាប់កំពូល ដ៏ដូចជាមានផ្សារទំនើប ភោជនីយដ្ឋាន និងសាលាអន្តរជាតិល្អៗ ក៏ជាផ្នែកដ៏ធំមួយនៃការទាក់ទាញនេះផងដែរ៕