ក្រុមហ៊ុនជប៉ុន គ្រោងទិញក្រុមហ៊ុនដែកខ្នាតយក្សអាមេរិក ក្នុងតម្លៃជិត ១៥ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូកន្លងទៅ បានដាក់តម្លៃចរចាប្រមាណ ១៤,៩ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក US Steel ។ នេះបើមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ក្រុមហ៊ុន Nippon Steel នឹងត្រូវចំណាយ ៥៥ដុល្លារក្នុងមួយហ៊ុន ចំពោះការទិញយកនេះ ដែលជាការដេញថ្លៃខ្ពស់បំផុតមួយមិនធ្លាប់មាន ខណ:កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន US Steel ធ្លាប់បានបដិសេធសំណើពីដៃគូប្រជែង គឺក្រុមហ៊ុន Clevland-Cliffs រួចទៅហើយ មុនពេលឈានដល់ការចរចាជាមួយក្រុមហ៊ុនដែកខ្នាតយក្សរបស់ជប៉ុន។

លោក David B. Burritt ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុម US Steel បាននិយាយថា ៖ ” Nippon Steel មានកំណត់ត្រាច្បាស់លាស់ ក៏ដូចជាប្រតិបត្តិការ និងការវិនិយោគលើរោងចក្រផលិតដែកនៅទូទាំងពិភពលោក ដែលនេះធ្វើឲ្យយើងមានទំនុកចិត្តថា ការរួចបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយនេះ គឺពិតជាល្អបំផុតសម្រាប់យើងទាំងអស់គ្នា”។

គួរឲ្យដឹងផងដែរថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Nippon នឹងរក្សាកិច្ចសន្យា និងកិច្ចព្រមព្រៀងសហជីពទាំងអស់របស់ US Steel ដោយនឹងរក្សាឈ្មោះដើម និងរក្សាទីស្នាក់ការកណ្តាលនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ឲ្យនៅដដែល។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន US Steel ធ្លាប់ជាក្រុមហ៊ុនផលិតដែកធំបំផុត និងមានតម្លៃបំផុតរបស់ពិភពលោក ជាមួយនឹងអាយុកាល ១២២ឆ្នាំមកហើយ ប៉ុន្តែដោយសារតែមានការធ្លាក់ចុះក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុមហ៊ុនរបស់អាមេរិកមួយនេះ ព្យាយាមស្វែងរកដៃគូ​សហការ​ថ្មី ក្នុងការធ្វើទំនើបកម្មដំណើរការផលិត និងរោងចក្ររបស់ខ្លួន៕