ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Hyundai Motor មានបំណងលក់ចោលរោងចក្រផលិតរថយន្តរបស់ពួកគេនៅរុស្សី ដែលធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តលំដាប់ជួរមុខចុងក្រោយគេ ដែលប្រកាសលក់អាជីវកម្មនៅរុស្ស៊ី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Hyundai Motor សុខចិត្តទទួលការខាតបង់ប្រហែល ២៨៧ពាន់លានវ៉ុន ឬប្រមាណ ២១៩,១៩លានដុល្លារ ពីការលក់រោងចក្ររបស់ខ្លួននៅរុស្ស៊ី បន្ទាប់ពីផ្អាកការផលិតតាំងពីខែមីនា ឆ្នាំ២០២២។
ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូងមួយនេះ ក៏បានបង្ហើបទៀតថា ពួកគេមានបំណងផ្ទេរសិទ្ធកាន់កាប់រោងចក្រ ដែលមានទីតាំងនៅទីក្រុង St. Petersburg ទៅកាន់ក្រុមហ៊ុនរុស្ស៊ី Art-Finance ជាមួយនឹងជម្រើសទិញក្រុមហ៊ុនមកវិញនាពេលក្រោយ។
សូមជម្រាបដែរថា មិនមែនមានតែក្រុមហ៊ុន Hyundai ឡើយ ដែលបញ្ចប់អាជីវកម្មរបស់ខ្លួននៅរុស្ស៊ី ពោលក្រុមហ៊ុនរថយន្តធំៗផ្សេងទៀត ក៏សម្រេចចិត្តបែបនេះផងដែរ ដោយពួកគេសុទ្ធតែបញ្ចូលនូវជម្រើសទិញក្រុមហ៊ុនមកវិញ នៅក្នុងកុងត្រាលក់ ដើម្បីបង្ការទុកសម្រាប់លទ្ធភាពនៃការវិលត្រឡប់មកក្នុងទីផ្សាររុស្ស៊ីវិញ៕