វៀតណាម បានយល់ព្រមជាមួយប្រទេសថៃ និងហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការនាំចេញអង្ករទ្រង់ទ្រាយធំ ក្នុងគោលបំណងធានាសន្តិសុខស្បៀងអាហារក្នុងតំបន់ និងនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ការឯកភាពគ្នានេះត្រូវបានធ្វើឡើង នៅពេលដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅឯខាងក្រៅកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន កាលពីថ្ងៃអាទិត្យ នៅទីក្រុងតូក្យូ។
នាយករដ្ឋមន្ត្រីវៀតណាម និងថៃ បានព្រមព្រៀងគ្នាលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យឡើងដល់ ២៥ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការនាំចូល និងការនាំចេញទំនិញ ជាពិសេសលើអង្ករ។
បច្ចុប្បន្នប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម នៅក្នុងតំបន់អាស៊ាន ជាមួយនឹងទំហំនៃការនាំចេញ-នាំចូល បានឈានដល់ ២១,៥ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ជាមួយគ្នានេះផងដែរ នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីហ្វីលីពីន ក៏បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការនាំចេញអង្កររួមគ្នា ដើម្បីធានាដល់សន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោកផងដែរ នៅពេលដែលប្រទេសទាំងពីរ បានធ្វើការនាំចេញអង្ករទៅកាន់ប្រទេសជាច្រើនរួចមកហើយ។
ជម្រាបជូនផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ បានបង្ហាញថា ក្នុងរយៈពេល ១១ខែដំបូង ឆ្នាំនេះ វៀតណាមរកបានចំណូលបាន ៤,៤ពាន់លានដុល្លារពីការនាំចេញអង្ករ ចំនួន ៧,៧៥ លានតោនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក។ ហើយអង្ករវៀតណាម ជាមធ្យមមានតម្លៃ ៥៦៨ដុល្លារក្នុងមួយតោន ពោលគឺបានកើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណ:ពេលខ្លះតម្លៃអង្កររបស់វៀតណាម បានកើនឡើងដល់ជិត ៦៥០ដុល្លារក្នុងមួយតោន ឯណោះ៕