ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសតែងតាំងរដ្ឋមន្ត្រីថ្មីចំនួនពីររូប

អន្តរជាតិ


នៅថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yoel បានធ្វើការជ្រើសតាំងអតីតអនុរដ្ឋមន្ត្រីការបរទេសលោក Cho Tae Yul ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី ខណៈទីប្រឹក្សាសន្តិសុខជាតិលោក Cho Tae Yong មកកាន់តួនាទីជាប្រធានចារកម្មថ្មីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មីលោក Cho Tae Yul បាននិយាយថា៖ លោកមានអារម្មណ៍ដូចជា មានអម្រែកដ៏ធ្ងន់នៅលើស្មារ ស្របពេលការទទួលតំណែងរបស់លោក កើតឡើងចំពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់ រួមមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងអាមេរិក និងចិន ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

លោក Cho Tae Yul ដែលជាអ្នកការទូតជើងចាស់ និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ បាននិយាយបន្ថែមថា៖ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងវិបុលភាព។

ទន្ទឹមនឹងនេះ លោក Cho Tae yong ដែលជាប្រធានចារកម្មទើបតែបានទទួលមុខតំណែងថ្មី និងក៏ជាអ្នកការទូតអាជីពផងដែរនោះ បានធ្វើការប្តេជ្ញាចិត្តថា នឹងបង្ហាញព័ត៌មានឲ្យបានត្រឹមត្រូវ នៅពេលវេលាដ៏សាកសម ដើម្បីជួយប្រទេសមួយនេះ ធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា រដ្ឋសភានឹងបើកសវនាការបញ្ជាក់ពីការតែងតាំងម្តងទៀត បើទោះបីជាវាមិនមែនជារឿងចាំបាច់ ត្បិតប្រធានាធិបតីអាចសម្រេចលើការតែងតាំងរដ្ឋមន្ត្រីបានដោយខ្លួនឯង មិនចាំបាច់ត្រូវការការអនុម័តពីសភាឡើយ។

ជម្រាបផងដែរថា ការតែងតាំងលើមុខតំណែងថ្មីទាំងពីររូបនេះ កើតឡើងស្របពេលដែលមានភាពតានតឹងជាមួយកូរ៉េខាងជើង កាន់តែខ្លាំងទៅៗនៅឆ្នាំនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីក្នុងខែវិច្ឆិកា និងបានបង្ហោះសាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីប នាសប្តាហ៍នេះផងដែរ៕