ឧកញ៉ា សំ សុខនឿន ប្រាប់មូលហេតុដែលលោកកម្របង្ហោះរូបជាមួយអ្នកមាន ឬជាមួយអ្នកធំៗ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត​ សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ​​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ពិត​ ដែល​លោក​កម្រ​នឹង​បង្ហោះរូបភាព​ជាមួយ​អ្នកមានធំៗ ឬ​ជាមួយ​អ្នកធំ​ផ្សេងៗ​នៅ​លើ​បណ្តាញ​សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា បាន​លើក​ឡើង​លើ​ទំព័រហ្វេសប៊ុក នៅ​ព្រឹក​​ថ្ងៃ​ពុធ​នេះ​ថា មានមិត្តសួរលោក​តាមត្រង់ដូច្នេះថា ហេតុ​ដូចម្តេច ចូលចិត្តបង្ហោះរូបម្នាក់ៗឯង កម្របង្ហោះជាមួយអ្នកមានធំៗ ឬអ្នកធំផ្សេងៗ ដែលបានថតរូបជាមួយ?

ជាការ​ឆ្លើយ​តប លោក​ឧកញ៉ា​ បាន​ប្រាប់​តាមត្រង់​ទៅ​វិញ​ថា លោក​បង្ហោះ​រូបលើ​បណ្តាញសង្គមសាធារណៈ ដូច្នេះ​លោក​មិន​បង្ហោះ​រូបអ្នកផ្សេងជាសាធារណៈនោះទេ ព្រោះក្រែងប៉ះពាល់ឯកជនភាពរបស់គេ ឬចំណង់​ចំណូលចិត្ត​ដែលគេមិនចូលចិត្ត​បង្ហោះ​ ជាពិសេសមិនចង់ឱ្យគេទូទៅគិតថា​លោក​បង្ហោះ​ជាមួយអ្នកមានធំៗ ឬអ្នកធំផ្សេងៗ ដើម្បីយកក្រេឌីតតាមគេ ឬ តោងក្រេឌីដគេនោះទេ។

លើសពី​នេះ លោក​ឧកញ៉ា​យល់ឃើញ​ថា លោក​ពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន ហើយលោក​ចង់ឱ្យគេ​ឃើញ​អ្វីដែលជាលោក​ពិតប្រាកដ ជាពិសេសលោក​ចង់ប្រើប្រាស់ Brand របស់ខ្លួនឯង ឱ្យគេស្គាល់ជា​លោក​ពិត​ប្រាកដ។ លោក​ឧកញ៉ា បាន​បន្ថែម​ថា តែយ៉ាងណាលោក​ក៏មានការ​បង្ហោះ​ជាមួយគេខ្លះដែរ ដែល​ជាទូទៅ​ជា​មិត្តជិតស្និត បងៗជិតស្និតបំផុត ដោយមិនគិតថា ជាអ្នកមានធំៗ អ្នកមិនសូវសម្បូរទ្រព្យនោះទេ ហើយក៏​មិនគិតថា អ្នកតូចៗអ្វី​នោះដែរ។

ឧកញ៉ាបណ្ឌិត​ សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN REALTY និង​ជា​សមាជិក​សមាគមឧកញ៉ា​កម្ពុជា ជារឿយៗ​តែង​មាន​ភារកិច្ច​​ចូល​រួម​អមដំណើរ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​ដំណើរ​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស។ ជាក់ស្តែង លោក​ឧកញ៉ា​ក៏​ទើប​អញ្ជើញ​ចូលរួម​បេសកកម្ម និងកិច្ចប្រជុំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ​នៅទីក្រុង​តូត្យូ ប្រទេសជប៉ុន ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា កាល​​ពី​ពេល​​ថ្មីៗ​នេះ​​ផង​ដែរ៕