ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា តម្លៃស្រូវគ្រប់ប្រភេទរបស់កម្ពុជា នឹងបន្តកើនឡើងទៀត នៅឆ្នាំ២០២៤ ខាងមុខនេះ។
អ្នកជំនួញក្នុងវិស័យស្រូវអង្កររូបនេះ បានលើកឡើងក្នុងឱកាសលោកចូលរួមពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារ ARDB នៅសណ្ឋាគារហ្គាឌិន ស៊ីធី ភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ថា តម្លៃស្រូវកម្ពុជា បានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ ចាប់តាំងពីខែមិថុនាមក និងជាតម្លៃខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
លោកឧកញ៉ា បានបន្តដូច្នេះថា៖ “បច្ចុប្បន្នយើងដឹងហើយស្រូវអ្វីក៏ថ្លៃដែរ មកដល់ពេលនេះមិនមានស្រូវណាមួយ ដែលតម្លៃអត់ល្អទេ ឥឡូវនេះតម្លៃស្រូវម្លិះមួយគីឡូក្រាម ១៥០០រៀល តម្លៃស្រូវសែនក្រអូប (ស្រូវសើម) ១៤០០រៀល និងតម្លៃស្រូវដែលជាប្រភេទអង្ករស ១៣០០រៀល ក្នុងមួយគីឡូក្រាម ហើយឆ្នាំក្រោយតម្លៃក៏នៅតែល្អដូចគ្នា”។
តាមការយល់ឃើញរបស់ឧកញ៉ា សុង សារ៉ន តម្លៃស្រូវនៅកម្ពុជា ចាប់ផ្តើមកើនឡើងចាប់ពីពាក់កណ្តាលឆ្នាំ២០២៣នេះ គឺដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រទេសមួយចំនួន ក្នុងនៅអាស៊ីត្រូវការស្តុកបម្រុងទុក ដើម្បីរក្សានូវស្ថេរភាពស្បៀង ក្នុងប្រទេសរបស់ពួកគេ ស្របពេលដែលប្រទេសឥណ្ឌាបិទការនាំចេញអង្ករបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក បានបិទមិនឱ្យមានការនាំចេញអង្ករប្រភេទអង្ករស និងអង្ករបាក់ ក្នុងគោលបំណងរក្សានូវសន្តិសុខស្បៀង ក្នុងប្រទេសរបស់ខ្លួន ដែលជំរុញឱ្យតម្លៃអង្ករស នៅលើទីផ្សារតាមប្រទេសមួយចំនួនក្នុងតំបន់ មានការកើនឡើង ព្រមទាំងបានធ្វើឱ្យតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ក៏កើនឡើងមិនធ្លាប់មានផងដែរ៕