យោងតាមទិន្នន័យពីគយចិន បានបង្ហាញនៅថ្ងៃពុធ ទី២០ ខែធ្នូកន្លងទៅថា ការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើង បានវិលត្រលប់មកកើនឡើងសារជាថ្មីម្តងទៀត គិតនៅក្នុងខែវិច្ឆិកា បន្ទាប់ពីមានការធ្លាក់ចុះកាលពីខែតុលាកន្លងទៅ។
តាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើង នៅក្នុងវិច្ឆិកា បានកើនឡើង ១៨,៣% បើធៀបនឹងខែតុលា ដែលជាកំណើនលឿនបំផុតចាប់តាំងពីខែមេសាមក។
គួរឲ្យដឹងផងដែរថា សក់ពាក់ក្លែងក្លាយ រោមចៀម ស្ករគ្រាប់ និងប្រេងសណ្តែកសៀង គឺជាផលិតផលនាំចេញដ៏សំខាន់របស់ចិន ទៅកាន់ប្រទេសផ្តាច់ការមួយនេះ។
យ៉ាងណាមិញ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៣នេះ តម្លៃនៃការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើង បានកើនឡើងដល់ ១,៧៨ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជម្រាបជូនទៀតថា ក្នុងអំឡុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ លោក Wang បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលទ្វេភាគីបន្ថែមទៀត ដោយរំពឹងវានឹងធ្វើឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕