មហាសេដ្ឋីរុស្ស៊ី ចាញ់ការតវ៉ាក្ដីជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពី EU

អន្តរជាតិ

មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានបរាជ័យក្នុងការតវ៉ាក្ដី ជាមួយការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចពីសហភាពអឺរ៉ុប ដែលបានដាក់មកលើលោក តាំងពីរុស្ស៊ីបើកការវាយលុកលើប្រទេស​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា តុលាការសហភាពអឺរ៉ុប​នៅទីក្រុងប្រ៊ុចសែល បានច្រានចោលសំណើសុំតវ៉ាក្ដីរបស់មហាសេដ្ឋីម្នាក់នេះ និងបានបដិសេធ​ចំពោះការទាមទារសំណង ដោយសង្កត់ធ្ងន់ថា លោក Abramovich មានតំណែងធំ នៅក្នុងក្រុមហ៊ុនដែកថែប Evraz ដែលតែងផ្ដល់ជំនួយដល់រដ្ឋាភិបាលរុស្ស៊ី។

រំលឹកបន្តិចថា មិនខុសពីមហាសេដ្ឋីរុស្ស៊ីដទៃ អតីតម្ចាស់ក្លឹបបាល់ទាត់ Chelsea ម្នាក់នេះ ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយទ្រព្យសម្បត្តិរបស់លោក ត្រូវបានមហាអំណាចលោកខាងលិច និង EU បង្កកទុករាប់សិប​ពាន់លានដុល្លារ។

ជម្រាបបន្ថែមថា លោក Abramovich គឺជាមហាសេដ្ឋីមានបំផុតមួយរូបនៅប្រទេសរុស្ស៊ី ជាមួយទ្រព្យសម្បត្តិប្រមាណ ៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញពីទស្សនាវដ្ដី Forbes៕