ឥណ្ឌា ស្នើសុំឲ្យ G7 ពន្យារពេលលើការហាមឃាត់ការនាំចេញចូលត្បូងពេជ្រពីរុស្ស៊ី

អន្តរជាតិ

ប្រទេសឥណ្ឌា កំពុងព្យាយាមជំរុញឲ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ពន្យារពេលលើការហាមឃាត់ការនាំចូលត្បូងពេជ្ររបស់ប្រទេសរុស្ស៊ី ដោយសារតែច្បាប់លើការតាមដានប្រភពដើមនៃត្បូងពេជ្រទាំងនេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការហាមឃាត់នេះ អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដោយសារតែឥណ្ឌា ជាប្រទេសដែលគ្រប់គ្រងដល់ទៅ ៩០% នៃឧស្សាហកម្មកាត់ និងប៉ូលាពេជ្ររបស់ពិភពលោក។

គួរឲ្យដឹងថា កាលពីដើមខែនេះ ក្រុមប្រទេស G7 បានប្រកាសពីការហាមឃាត់ដោយផ្ទាល់លើត្បូងពេជ្ររុស្ស៊ី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ដែលជាដំណាក់កាលដំបូងមួយ មុនឈានដល់ការហាមឃាត់ការនាំចូលដោយប្រយោល ចាប់ពីថ្ងៃទី១ ខែមីនាឆ្នាំក្រោយទៅ។

រុស្ស៊ីគឺជាប្រទេសផលិតពេជ្ររដុបធំជាងគេបំផុតរបស់ពិភពលោក គិតតាមបរិមាណ ខណ:វិធានការរឹតបន្តឹងថ្មីលើការជួញដូរត្បូងរបស់រុស្ស៊ីនេះ គឺជាផ្នែកមួយនៃវិធានការផ្សេងទៀតរបស់ G7 ក្នុងការកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែន។

យ៉ាងណាមិញ លោក Deepak Patel នាយកក្រុមហ៊ុនពាណិជ្ជកម្ម Diamond Sea ដែលមានមូលដ្ឋាននៅទីក្រុង Antwerp បានប្រាប់ទៅកាន់សារព័ត៌មាន Nikkei Asia ថា ៖ “យើងមិនដឹងថាតើប្រព័ន្ធតាមដាននឹងត្រូវបានអនុវត្តយ៉ាងដូចម្តេចនោះឡើយ ដូច្នេះយើងមិនអាចវាយតម្លៃចំពោះផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនោះ។ ប៉ុន្តែមើលទៅ វាដូចជាផ្តល់ផល​អវិជ្ជមាន​សម្រាប់​យើង​ភាគ​ច្រើន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការមានភាព​យឺត​យ៉ាវ​ ដែលមានន័យថាពេជ្រនឹងចាប់ផ្តើមកម្រ ហើយតម្លៃពេជ្រក៏នឹងបង្កើនឡើងផងដែរ។ នេះ​មិន​ល្អ​សម្រាប់​អាជីវកម្ម​ឡើយ” ។

ជម្រាបជូនផងដែរថា វិស័យ​ត្បូងពេជ្រ​របស់​ប្រទេស​ឥណ្ឌា​ប្រឈម​នឹង​តម្រូវការ​ខ្សោយ​រួច​ទៅ​ហើយ ខណ:ការនាំចេញពេជ្រប៉ូលារបស់ប្រទេសនេះបានធ្លាក់ចុះ ២៩% មកត្រឹម ១០ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅក្នុងខែមេសាកន្លងទៅ៕