ក្រសួងមហាផ្ទៃនៃប្រទេសថៃ បានប្រកាសកាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅថា ប្រទេសរបស់ខ្លួន បានបញ្ឈប់ការចេញអាជ្ញាប័ណ្ណកាន់កាំភ្លើង រយ:ពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Traisuree Taisaranakul បាននិយាយថា ការប្រកាសពីច្បាប់ថ្មីនេះ បានចូលជាធរមានភ្លាមៗ បន្ទាប់ពីមានការជជែកដេញដោលនៅក្នុងកិច្ចប្រជុំមួយ អំពីការគ្រប់គ្រងអាវុធ ក្រោយពីមានឧប្បត្តិហេតុផ្ទុះអាវុធញឹកញាប់នៅក្នុងប្រទេស។
គួររំលឹកផងដែរថា ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយ ក្នុងទីក្រុងបាងកកកាលពីខែតុលា ដោយបានសម្លាប់មនុស្ស ៣ នាក់ ខណ:អតីតប៉ូលីសម្នាក់ដែលប្រដាប់ដោយកាំភ្លើង បានសម្លាប់កុមារ ២៤ នាក់និងមនុស្សពេញវ័យ ១២ នាក់នៅឯកន្លែងថែទាំកុមារមួយ កាលពីឆ្នាំមុន។
យោងតាមគេហទំព័រ GunPolicy បានបង្ហាញឲ្យដឹងថា ប្រទេសថៃមានអត្រាកាន់កាប់កាំភ្លើងខ្ពស់បំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងអាវុធចំនួន ១០ លានដើមដែលកំពុងចរាចរ។
ជម្រាបជូនផងដែរថា ប្រទេសថៃ បានកត់ត្រាការស្លាប់ដោយកាំភ្លើងជិត ១ ៣០០ នាក់ក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំចុងក្រោយបង្អស់ដែលមានទិន្នន័យត្រូវបានចេញផ្សាយ៕