របាយការណ៍កម្មវិធី Global Wealth 2023 បានបង្ហាញថា បច្ចុប្បន្នមានបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាង ១លានដុល្លារ ប្រមាណ ២២,៧លាននាក់ ដោយក្នុងនោះមានជាង ៧០% ជាបុគ្គលដែលរកស៊ីពីបាតដៃទទេ។
ជាមួយគ្នា លោក Tim Corley អ្នកជំនាញទ្រព្យសម្បត្តិ និងជាអ្នកនិពន្ធ បានចំណាយពេលជាច្រើនឆ្នាំ សម្រាប់ការសម្ភាសន៍សេដ្ឋីៗរាប់រយនាក់ ដើម្បីសិក្សាពីទម្លាប់ និងការគិតរបស់ពួកគេ ហើយជាលទ្ធផលលោកសង្ខេបបាននូវទម្លាប់សេដ្ឋីៗទាំងនោះ ចំនួន ១០ប្រការដូចតទៅ៖
១/មិនចេះសម្ញែងទ្រព្យ៖ បុគ្គលមានទ្រព្យសម្បត្តិច្រើន តែងតែរស់នៅជាមួយជីវិតសាមញ្ញ មិនចេះសម្ញែងសម្ភារៈនិយម គ្រឿងអលង្ការពេជ្រឡើយ ហើយភាគច្រើនបើកឡានធម្មតាប៉ុណ្ណោះ។
២/ចាយវាយរិះថាំ៖ វាជាចំណុចដែលគ្រប់សេដ្ឋីៗ តែងតែធ្វើជានិច្ច ដោយពួកគេមានភាពប្រុងប្រយ័ត្នជាមួយការចាយវាយ ហើយមុនទិញសម្ភារៈអ្វីមួយ ត្រូវតែច្បាស់ពីអត្ថប្រយោជន៍ និងគុណតម្លៃរបស់វត្ថុមួយនោះ។
៣/ភាពវៃឆ្លាតក្នុងការវិនិយោគ៖ សេដ្ឋីៗជាច្រើនតែងតែគិតលើការវិនិយោគរយៈពេលវែងជាអាទិភាព ជាជាងការចំណាយរយៈពេលខ្លី។ ពួកគេផ្ដោតលើការបង្កើនទ្រព្យសម្បត្តិតាមរយៈការបណ្ដាក់ទុនលើភាគហ៊ុន និងអចលនទ្រព្យជាដើម។
៤/ចំណាយតិចជាងចំណូល៖ ពួកគេកម្រចាយវាយលើវត្ថុមិនចាំបាច់ណាស់ ហើយជាទូទៅការចាយវាយរបស់ពួកគេ គឺតិចជាងអ្វីដែលពួកគេរកបាន។ ចំណុចមួយនេះគឺស្រដៀងទៅនឹង ចំណុចទី២ដែរ។
៥/មានស្មារតីជាសហគ្រិន៖ ពួកគេភាគច្រើនគឺជាម្ចាស់អាជីវកម្ម ឬក៏ជាសហគ្រិនភាពល្បីល្បាញ ដែលខិតខំកសាងខ្លួនឯង ផ្ដើមចេញពីសហគ្រិនភាពតូចតាច រហូតដល់កាន់កាប់ជំនួញរាប់លានដុល្លារ។
៦/ឧស្សាហ៍ព្យាយាម និងការរៀនសូត្រ៖ ការរៀនសូត្រ និងភាពអំណត់អត់ធ្មន់ ក៏ដូចជាការតាំងចិត្ត គឺជាកូនសោសំខាន់បំផុតមួយ ក្នុងការជួយឲ្យពួកគេក្លាយជាសេដ្ឋីដូចសព្វថ្ងៃ។
៧/ជៀសវាងការថយចុះនៃហិរញ្ញវត្ថុ៖ ចំណុចនេះគឺជាការប្រុងប្រយ័ត្នបំផុតរបស់ក្រុមសេដ្ឋី ដោយពួកគេមានភាពប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាការថយចុះនៃលំហូរសាច់ប្រាក់ ដូចជាការបង់ប្រាក់ពិន័យសម្រាប់ការលែងលះ ឬក៏ការចាយលើសលុបសម្រាប់ការស្នាក់នៅជាដើម។
៨/ការបង្កើតបណ្ដាញទំនាក់ទំនង៖ ការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ គឺជារឿងចាំបាច់បំផុត ព្រោះវាអាចជួយទាំងលើមុខជំនួញ និងផ្លូវចិត្តរបស់ពួកគេ ក្នុងការបន្តដំណើរដ៏វែងឆ្ងាយ និងការវិវត្តខ្លួនកាន់តែខ្ពស់ជាងមុន។
៩/ចំណេះដឹងគ្រប់គ្រងសាច់ប្រាក់៖ ក្រុមសេដ្ឋីតែងតែត្រូវប្រាកដខ្លួនឯងថា ពួកគេអាចគ្រប់គ្រងលុយបានដោយខ្លួនឯង ទាំងចំណូល និងចំណាយ ហើយជានិច្ចកាលពួកគេត្រូវតែមានចំណេះដឹងពីការបណ្ដាក់ទុន ការបង់ពន្ធ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
១០/គិតគូរដល់អ្នកបន្តវេន៖ ចំណុចមួយនេះ គឺកំពុងតែពេញនិយមសម្រាប់មហាសេដ្ឋីពិភពលោក ដោយពួកគេបានគិតគូររួចស្រេចដល់អ្នកបន្តវេនអាជីវកម្ម និងបានបង្រៀនកូនចៅរបស់ពួកគេ ឲ្យមានទំនួលខុសត្រូវ ភាពជាអ្នកដឹកនាំ ចេះចាយវាយរិះថាំ និងចេះតស៊ូជាមួយការងារ៕