Honda ប្រមូលរថយន្តចូលឃ្លាំង ៤,៥លានគ្រឿង ក្រោយរកឃើញកំហុសបច្ចេកទេស

អន្តរជាតិ

ក្រុមហ៊ុន Honda Motor បានធ្វើការប្រមូលរថយន្តទ្រង់ទ្រាយធំ ចូលរោងចក្រវិញប្រមាណ ៤,៥លានគ្រឿងទូទាំងពិភពលោក បន្ទាប់ពីរកឃើញបញ្ហាស្នប់ប្រេងរថយន្ត មានហានិភ័យមិនអាចដំណើរការបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រមូលរថយន្តដ៏សំបើមរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ក៏រាប់បញ្ចូលទាំងរថយន្តនៅសហរដ្ឋ​អាមេរិកប្រមាណ ២,៥៤លានគ្រឿង ខណៈកាលពីឆ្នាំ២០២០ និង២០២១ ក្រុមហ៊ុន Honda ក៏ធ្លាប់ប្រមូលរថយន្តប្រមាណជាង ៧សែនគ្រឿង មកជួសជុលវិញ ក្រោមបញ្ហាដូចគ្នានេះផងដែរ។

រថយន្តដែល Honda កំពុងប្រមែប្រមូលមកវិញនោះគឺមានចាប់ពីសេរីឆ្នាំ ២០១៨ ដល់២០២០ ជារថយន្តម៉ូដែល Honda Accord, Civic, CR-V, HR-V, Insight, Ridgeline, Odyssey, Passport និងម៉ូដែល Acura ជាច្រើនប្រភេទដូចជា ILX, MDX, RDX, RLX, TLX និង NSX ជាដើម។

ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ ក៏បានបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនមានមនុស្សរងគ្រោះ​ដោយសារបញ្ហាមួយនេះនៅឡើយទេ ប៉ុន្តែ​មានការទាមទារសំណង​ធានារ៉ាប់រង ប្រមាណ ៤ ០៤២ករណី ជុំវិញបញ្ហាមួយនេះតាំងពីឆ្នាំ២០១៨៕