ក្រុមហ៊ុនចិន BYD ត្រៀមសង់រោងចក្រតម្លៃរាប់ពាន់លានដុល្លារ នៅប្រទេសហុងគ្រី

អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD កំពុងស្ថិតនៅក្នុងការពិភាក្សាចុងក្រោយ ជាមួយរដ្ឋាភិបាល​ប្រទេសហុងគ្រី ដើម្បីធានាបាននូវគម្រោងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី តម្លៃរាប់ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីកាសែត Financial Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ សម្លឹងឃើញទីតាំងនៃការសាងសង់រោងចក្ររថយន្តអគ្គិសនី និងអាគុយ នៅទីក្រុង Szeged ភាគខាងត្បូងនៃប្រទេសហុងគ្រី ខណៈបច្ចុប្បន្ន BYD ក៏មានរោងចក្រមួយស្រាប់ នៅប្រទេសជាសមាជិកសហភាពអឺរ៉ុបនេះផងដែរ។

មូលហេតុដែល BYD សម្លឹងឃើញហុងគ្រីជាទីតាំងពង្រីកខ្លួន ដោយសារពួកគេមានបំណងចង់​ក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីអឺរ៉ុបទាំងមូល នៅចុងទសវត្សនេះ ខណៈការចរចារវាង​ក្រុមហ៊ុន និងរដ្ឋាភិបាលហុងគ្រី មានសង្ឃឹមខ្ពស់ក្នុងការទទួលបានជោគជ័យ។

ជាមួយគ្នា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបង្ហើបថា ប្រជាជននៅតំបន់ Szeged ភាគខាងត្បូងនៃប្រទេសហុងគ្រី នឹងមានឱកាសទទួលបានការងារច្រើន ដោយសារការបណ្ដាក់ទុនពីក្រុមហ៊ុនធំៗ។

សូមជម្រាបដែរថា បច្ចុប្បន្ន BYD មានរោងចក្រតំឡើងរថយន្ត និងអាគុយនៅ ៣ប្រទេស​ក្នុងតំបន់អឺរ៉ុប ដែលមានដូចជា ប្រទេសហូឡង់ ចក្រភពអង់គ្លេស និងប្រទេសហុងគ្រី៕