ត្រឹម ១១ខែដំបូងឆ្នាំនេះ ប្រទេសថៃទទួលបានការវិនិយោគពីបរទេសជាង ២ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនបរទេសចំនួន ៦១២ ជាមួយនឹងទុនវិនិយោគសរុបជាង ៩៨,២៨ពាន់លានបាត (ប្រមាណជាង ២ពាន់លានដុល្លារ) ត្រូវបានផ្តល់អាជ្ញាប័ណ្ណដើម្បីធ្វើអាជីវកម្ម នៅប្រទេសថៃក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Oramon Sapthaweetham អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មរបស់ថៃ បានបង្ហាញឲ្យដឹងទៀតថា ចំពោះការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសទាំងនេះ បានផ្តល់ការងារជូនដល់ប្រជាជនក្នុងតំបន់ជាង ៦ ពាន់នាក់ឯណោះ។

ប្រទេសជប៉ុន គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតនៅក្នុងប្រទេសថៃ ជាមួយនឹងអាជីវកម្មសរុបចំនួន ១២៩ ក្នុងតម្លៃប្រមាណ ៣០,១ពាន់លានបាត (៩២៦លានដុល្លារ) ដោយក្រុមហ៊ុនរបស់ជប៉ុនទាំងនោះ បានចូលមកបណ្តាក់ទុនក្នុងវិស័យផ្សេងៗ រួមទាំងសេវាកម្មរុករកប្រេងនៅក្នុងតំបន់ឈូងសមុទ្រថៃ ការផលិតគ្រឿងបន្លាស់រថយន្ត វិស្វកម្ម រួមទាំងសេវាកម្មបច្ចេកទេសផ្សេងៗ ដូចជាការវិភាគ និងដំណើរការទិន្នន័យឧស្ម័នផ្ទះកញ្ចក់ផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសសិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងការដំណើរការអាជីវកម្មសរុបចំនួន ៩៥ ដែលមានទុនវិនិយោគ ២២,២ពាន់លានបាត ឈរនៅលើអាជីវកម្មធំៗមួយចំនួន​ដូចជា សេវាកម្មធានារ៉ាប់រងអាយុជីវិត និងអចលនទ្រព្យ ឧស្សាហកម្មសណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុអេឡិចត្រូនិក។

ចំណែកឯសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការបើកអាជីវកម្មសរុបចំនួន ៩៥ ដែលមានទំហំវិនិយោគ ៤,២ពាន់លានបាត ដោយផ្តោតលើសេវាកម្មទាក់ទងនឹងការប្រើប្រាស់ Software ការរចនា ការអភិវឌ្ឍ និងការដំឡើងប្រព័ន្ធនៃកម្មវិធីដែលយកទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការអាជីវកម្មផ្សេងៗ។

លោក Oramon បានកត់សម្គាល់ផងដែរថា ការចូលរួមរបស់​បណ្តា​ក្រុមហ៊ុនបរទេសក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសថៃនាពេលថ្មីៗនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្ទេរចំណេះដឹងផ្នែកបច្ចេកវិទ្យា ទៅកាន់ប្រជាជនក្នុងស្រុក៕