ប្រទេស២ នៅអាស៊ី កំពុងក្លាយជាទីផ្សារនាំចេញប្រេងធំបំផុតរបស់រុស្ស៊ី

អន្តរជាតិ

ការនាំចេញប្រេងរបស់រុស្ស៊ី ទៅកាន់ទីផ្សារអាស៊ីកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រទេសមួយនេះបង្វែរទីផ្សារនាំចេញប្រេង ពីសហភាពអឺរ៉ុប ដោយក្នុងនោះប្រទេសចិន និងឥណ្ឌា បានក្លាយជាម៉ូយដុំធំបំផុតរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ Transneft លោក Nikolay Tokarev បានបង្ហើបឲ្យដឹងថា ការនាំចេញប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន និងឥណ្ឌា មានការកើនឡើង​ខ្ពស់ជាខ្លាំង។

ប្រទេសចិនបាននាំចូលប្រេងពីរុស្ស៊ី ប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ឆិកា ខណៈរយៈពេលពេល ១១ខែដំបូងឆ្នាំ២០២៣ ការនាំចេញប្រេងពីរុស្ស៊ី ទៅកាន់ប្រទេសចិនមានការកើនឡើង ២២,២%។

ជាមួយគ្នា ប្រទេសឥណ្ឌា បានក្លាយជាអ្នកនាំចូលប្រេងធំបំផុតមួយពីរុស្ស៊ីផងដែរ ដោយកាលពីខែមុន ពួកគេបាននាំចូលប្រេងក្នុងចំនួនច្រើនបំផុត ប្រមាណ ១,៦លានបារ៉ែលក្នុងមួយថ្ងៃ ពីរុស្ស៊ី។

លោក Tokarev ក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះ រុស្ស៊ីបាននាំចេញប្រេងប្រហែល ៧០លានតោន ទៅកាន់ប្រទេសឥណ្ឌា និងនាំចេញប្រហែល ១០០លានតោន ទៅកាន់ប្រទេសចិន៕