អ្នកឧកញ៉ា លាង ឃុន និងលោកស្រី តែ សុវណ្ណនី សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរៀបអាពាហ៍ពិពាហ៍កូនស្រីដ៏ធំប្រចាំខែធ្នូ នាឆ្នាំ២០២៣ ជាមួយកូនប្រុសរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ព្រមអ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូប។
ពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសនាម ប៉ែន សំអាតសុទ្ធជាតិ ជាកូនលោក ប៉ែន សំអាត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណែមកូនស្រីនាម អ៊ឹង កណិការ ជាកូនអ្នកឧកញ៉ា លាង ឃុន ម្ចាស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលរៀបចំឡើងអធិកធ័មទៅតាមប្រពៃណីទម្លាប់ខ្មែរយ៉ាងឱឡារឹកក្រោមវត្តមានលោកមេបាចាស់ទុំតូចធំត្រកូលរាមច្បងនៃក្រុមគ្រួសារទាំងពីរនាភូមិគ្រឹះអ្នកឧកញ៉ា លាង ឃុន និងលោកស្រី តែ សុវណ្ណនី។
ក្នុងឱកាសនៃកិច្ចប្រពៃណីខ្មែរកាត់សក់បង្កក់សិរីជូនកូនប្រុសស្រី អ្នកឧកញ៉ា លាង ឃុន បានអញ្ជើញវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដើម្បីកាត់កេសាសិរីសួស្តីដល់គូស្វាមីភរិយាថ្មី។
ចំណែកពិធីបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសពិសារភោជនីហារអ្នកឧកញ៉ា លាង ឃុន បានជ្រើសរើសទីតាំងដ៏ប្រណិតមួយនៅខណ្ឌជ្រោយចង្វារដើម្បីរៀបចំផ្កាភ្ញីតុបតែងបែបសហសម័យ ភ្លេងតន្រ្តី មុខម្ហូបប្លែកៗឆ្ងាញ់ពិសារប្រកបដោយអត្ថន័យអបអរសាទរកូនប្រុសស្រីរបស់ខ្លួនស្ថិតនៅសាលតាំងពិព័ណ៌ និងសន្និបាតអន្តរជាតិ OCIC ជ្រោយចង្វាររបស់អ្នកឧកញ៉ា ពុង ឃាវសែ។ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវពិសារអាហារពេលរាត្រីមង្គលការដ៏ធំនាចុងឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញផ្តល់កិតិ្តយសផងដែរ រួមទាំងថ្នាក់ដឹកនាំកំពូលៗ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយសជាច្រើនរូប៕