ចិន ដាក់ចេញផែនការ​ស្តារសេដ្ឋកិច្ចដំណាក់កាលទីពីរ ជាមួយទំហំចំណាយ ១៤០ពាន់លានដុល្លារ

អន្តរជាតិ

ស្ថាប័នរៀបចំផែនការកំពូលរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូសប្តាហ៍មុនកន្លងទៅថា ខ្លួនបានធ្វើការកំណត់រួចហើយនូវដំណាក់កាលទីពីរ នៃគម្រោងវិនិយោគសាធារណ: រួមទាំងការគ្រប់គ្រងជំនន់ ការផ្តល់ជំនួយលើគ្រោះមហន្តរាយ ការបោះផ្សាយលក់មូលបត្របំណុល និងផែនការវិនិយោគផ្សេងទៀត ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ទៀតថា ជាមួយនឹងការដាក់ចេញផែនការចុងក្រោយនេះ ប្រទេសចិន បានដកយកទឹកប្រាក់ចំនួនជាង ៨០០ពាន់លានយ៉ន់ (១១៣ពាន់លានដុល្លារ) នៃទឹកប្រាក់សរុប ១ទ្រីលានយ៉ន់ (១៤០ពាន់លានដុល្លារ) ដែលបានពីការបោះផ្សាយលក់មូលបត្របំណុលរដ្ឋាភិបាល នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ នេះ ដើម្បីយកមកពង្រឹងសេដ្ឋកិច្ចដែលកំពុងបាត់បង់កំណើន។

ទន្ទឹមនេះ គណៈកម្មាធិការអភិវឌ្ឍ និងកំណែទម្រង់ជាតិ (NDRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា ខ្លួនបានកំណត់យកគម្រោងសរុបចំនួន ៩ ៦០០ ជាមួយនឹងការវិនិយោគដែលបានគ្រោងទុកជាង ៥៦០ពាន់លានយ៉ន់។

គួរឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលចាត់ទុកថាជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក កំពុងតែព្យាយាមស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ខណៈពេលដែលអ្នកបង្កើតគោលនយោបាយ បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើន ដូចជាតម្រូវការធ្លាក់ចុះ ការនាំចេញទន់ខ្សោយ ការវិនិយោគបរទេសធ្លាក់ចុះ និងការផុងខ្លួនជ្រៅទៅៗនៃវិបត្តិអចលនទ្រព្យ។

ជាមួយគ្នានេះផងដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ការចេញផ្សាយមូលបត្របំណុលបន្ថែមចំនួន ១ទ្រីលានយ៉ន់របស់រដ្ឋាភិបាលក្នុងពេលកន្លងទៅ នឹងជួយធ្វើឲ្យអត្រាឱនភាពថវិកាជាតិរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២៣ នេះ កើនឡើងប្រហែល ៣,៨% ។

NDRC បានកក់សម្គាល់ទៀតផងដែរថា ការដាក់ចេញនូវផែនការថ្មីដំណាក់កាលទីពីរនេះ នឹងធ្វើឲ្យមានភាពប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទឹកជំនន់របស់ប្រទេសចិន យន្តការឆ្លើយតបគ្រាអាសន្ន និងសមត្ថភាពដោះស្រាយគ្រោះមហន្តរាយ ព្រមទាំងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើង។

ជម្រាបជូនផងដែរថា គណៈកម្មាធិការអភិវឌ្ឍ និងកំណែទម្រង់ជាតិ នឹងសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ដើម្បីធ្វើឲ្យប្រាកដថា មូលនិធិនឹងត្រូវបានបែងចែកយ៉ាងឆាប់រហ័សបំផុត សម្រាប់ការវិនិយោគ ហើយស្តង់ដារគុណភាពខ្ពស់នឹងត្រូវបានរក្សាទុក នៅក្នុងការបង្កើតគម្រោង៕