ខេត្តចំនួន៤នាប៉ែកពាយ័ព្យ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ជាខេត្តដែលមានសារៈសំខាន់ខ្លាំងសម្រាប់វិស័យកសិកម្មរបស់កម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ថា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន គឺជាជង្រុកនៃកសិកផលយុទ្ធសាស្ត្ររបស់កម្ពុជា ដែលបម្រើឱ្យទាំងតម្រូវការសន្តិសុខស្បៀងនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោក។
លោកបន្តថា តំបន់នេះត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤នៃកម្ពុជា ដែលជាប៉ូលកសិកម្ម និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម«ច្រករបៀងមច្ឆា និងអង្ករ»។
លោកបន្តទៀតថា យ៉ាងហោចណាស់មួយភាគបី(៣៤,៥%)នៃកសិកម្មកម្ពុជាទាំងមូលត្រូវបានផលិតចេញពីខេត្តទាំង៤នេះ ក្នុងនោះ ៩៧%នៃផ្លែក្រូច ៩០%នៃផ្លែមៀន ៧៦%នៃដំណាំពោត សុទ្ធតែចេញពីតំបន់នេះ។ ជាងមួយភាគបួននៃដំណាំស្រូវ ផ្លែទុរេន និងផ្លែប៊ឺ ក៏ត្រូវបានផលិតចេញពីទីនេះផងដែរ។
សូមជម្រាបថា ការដាក់ខេត្តចំនួន៤នេះជាប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគក្នុង និងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្មការកែច្នៃ និងការនាំចេញកសិផល វារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
ប៉ូលសេដ្ឋកិច្ចចំនួន៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតកន្លងទៅ រួមមានប៉ូលសេដ្ឋកិច្ចទី១ នៅភ្នំពេញ ទី២នៅខេត្តព្រះសីហនុ ទី៣នៅខេត្តសៀមរាប និងប៉ូលសេដ្ឋកិច្ចទី៤ គឺខេត្តទាំង៤នៃភាគពាយ័ព្យ៕