ប្រទេសចិនបានដាក់គោលដៅលើវិស័យកសិកម្មរបស់ខ្លួន ដើម្បីធានាបាននូវទិន្នផលគ្រាប់ធញ្ញជាតិសរុបជាង ៦៥០ពាន់លានគីឡូក្រាមនៅក្នុងឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTN ។
ប្រទេសមួយនេះបានប្តេជ្ញាក្នុងការរក្សាតំបន់ដីបង្កបង្កើនផលរបស់ខ្លួន ខណៈពេលដែលខ្លួនកំពុងស្វែងរកសក្តានុពល ដើម្បីពង្រីកទំហំដី និងបង្កើនទិន្នផល ក៏ដូចជាគុណភាពគ្រាប់ធញ្ញជាតិបន្ថែមទៀត ក្នុងគោលបំណងធ្វើឲ្យមានស្ថិរភាពនៃគ្រាប់ធញ្ញជាតិម្ហូបអាហារ ពោត សណ្តែកសៀង និងបង្កើនទិន្នផលក្នុងមួយឯកតាដូចដែលបានប្រកាសដោយក្រសួងកសិកម្ម និងកិច្ចការជនបទចិន។
យ៉ាងណា ដើម្បីទទួលបានទិន្នផលតាមការគ្រោងទុកបែបនេះ ប្រទេសចិននឹងបង្កើនកិច្ចខិតប្រឹងប្រែង បង្កបង្កើនផលក្នុងមួយឯកតាសម្រាប់ដំណាំសំខាន់ៗ ដោយកំណត់យកស្រុកចំនួន៣០២ មកធ្វើការអនុវត្ត ក្នុងនោះមាន ១០០ស្រុកនឹងត្រូវដាំដំណាំពោត ១០០ស្រុកផ្សេងទៀតតម្រូវដាំដំណាំស្រូវសាលី ហើយចំណែកឯស្រុកចំនួន ១០២ទៀតសម្រាប់ដំំណាំ Rapeseed ។
ជាមួយគ្នានោះ ប្រទេសចិននឹងលើកកម្ពស់បន្ថែមទៀត នូវការដាំដុះដែលមានដង់ស៊ីតេខ្ពស់ ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ទិន្នផលដំណាំ។ មួយវិញទៀត ដើម្បីបង្កើនគុណភាពនៃការសាបព្រួស រដ្ឋាភិបាលនឹងជួយសម្រួលដល់ការអនុវត្តឧបករណ៍ដាំគ្រាប់ពូជ ដែលមានប្រសិទ្ធភាពខ្ពស់ ដោយបង្កើនការឧបត្ថម្ភធនសម្រាប់ការទិញ និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ក៏ដូចជាលើកកម្ពស់ភតិសន្យាហិរញ្ញវត្ថុ។
មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជំរុញនូវការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងជីរួមបញ្ចូលគ្នា ដើម្បីគាំទ្រដល់ការដាំដុះដែលមានដង់ស៊ីតេខ្ពស់ ក៏ដូចជាការគ្រប់គ្រងទឹក និងជីឲ្យបានច្បាស់លាស់ត្រឹមត្រូវផងដែរ៕