អ្នកឧកញ៉ា លឹម ហេង៖ កម្ពុជាមានកំពង់ផែទឹកជ្រៅ ជួយកាត់បន្ថយថ្លៃដឹកជញ្ជូននិងអាចទាក់ទាញវិនិយោគិនពីខាងក្រៅចូលមកបន្ថែម

ជុំវិញ​ឧកញ៉ា

ស្របពេលរាជរដ្ឋាភិបាលចាប់ផ្តើមសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីដែលមានតម្លៃប្រមាណ ២៤៣លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ខាងមុខ អ្នកឧកញ៉ា លឹម ហេងមើលឃើញថាកំពង់ផែទឹកជ្រៅមួយនេះ ក្រៅពីជួយកាត់បន្ថយថ្លៃដឹកជញ្ជូននៅតាមផ្លូវទឹកមានតម្លៃទាប និងអាចទាក់ទាញវិនិយោគិនបរទេសចូលមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា លឹម ហេង

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថាដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកចម្រើន ទាមទារឱ្យមានអ្នកវិនិយោគចូលមកបណ្តាក់ទុនផលិតនិងធ្វើការនាំចេញផលិតផលទៅទីផ្សារខាងក្រៅវិញ។ ដូចនេះការសាងសង់ចំណតកុងតឺន័រទឹកជ្រៅថ្មីជំហានទី១នេះវាសំខាន់ណាស់ ដែលកន្លងមកកប៉ាល់របស់យើងតូចៗមានលទ្ធភាពនាំចូលបានតិច តែត្រូវចំណាយថ្លៃដឹកជញ្ជូនខ្ពស់ តែប្រសិនបើកំពង់ផែទឹកជ្រៅដែលអាចឱ្យកប៉ាល់មួយដឹកបានរហូតដល់៦ម៉ឺនតោនចូលបាន វានិងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនបានស្ទើតែពាក់កណ្តាល ធ្វើឱ្យអ្នកវិនិយោគក៏ដូចជាអ្នកដឹកជញ្ជូននៅក្នុងតំបន់ ប្រើប្រាស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយជួយឱ្យកំពង់ផែមួយនេះក្លាយជាកន្លែងដឹកជញ្ជូនសំខាន់មួយនៅក្នុងតំបន់ផងដែរ។

យោងតាមអ្នកឧកញ៉ា លឹម ហេង ទោះជាកម្ពុជាមានកំពង់ផែ និងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដែលបានបើកឱ្យដំណើរការថ្មីៗកន្លងទៅនេះ ប្រសិនបើជាការដឹកជញ្ជូននៅមានតម្លៃថ្លៃ ទោះបីកម្ពុជាផលិតបាននៅផលិតផលមានទំហំប៉ុណ្ណាក៏ដោយវានឹងជួបបញ្ហាប្រឈមថ្លៃដើមទំនិញខ្ពស់ ជាហេតុមិនអាចប្រកួតប្រជែងជាមួយទំនិញនៅក្នុងតំបន់។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី

អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា « ផ្អែកលើកម្ពុជាមានកំពង់ផែទឹកជ្រៅនៅឆ្នាំ២០២៦ខាងមុខ គឺមានក្រុមហ៊ុនបានចាប់អារម្មណ៍បណ្តាក់ទុនបន្ថែមឈានមុខនៅកម្ពុជាមានមកពីប្រទេសចិន, ប្រទេសជប៉ុន, ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុននៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀតក៏បានទាក់ទាញឱ្យក្រុមហ៊ុនទំាងនោះមកបណ្តាក់ទុននៅកម្ពុជារួចហើយតាមរយៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុផងដែរ។ លើសពីនេះផ្អែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយប្រទេសមួយចំនួន ខណៈដែលសង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងសម្លឹងមុខដាក់គ្នា វាគឺជាឱកាសឱ្យក្រុមហ៊ុនបរទេសចូលមកបណ្តាក់ទុនផលិតនៅកម្ពុជា ហើយអាចនាំចេញទៅទីផ្សារខាងក្រៅបានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទំាងនេះបាន។ដូចនេះខ្ញុំគិតថាកំពង់ផែទឹកជ្រៅនេះ ពិតជាសំខាន់ណាស់ក្នុងការដឹកជញ្ជូនផលិតផលដែលយើងផលិតបាន ហើយអាចនាំចូលវត្ថុធាតុដើមដែលមានទម្ងន់ធ្ងន់បានជាមួយថ្លៃដឹកជញ្ជូនទាបសម្រាប់ផ្គត់ផ្គង់ការផលិតនៅក្នុងស្រុក»។

សូមបញ្ជាក់ថាគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១គ្រោងចំណាយថវិកាប្រមាណ២៤៣លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ។ ចំណែកគម្រោងសាងសង់ជំហានទី២និងជំហានទី៣ គ្រោងចំណាយថវិកាសរុប៦៩៨លានដុល្លារអាមេរិក៕ តាកែវ