លុយសុទ្ធជិត ៦ទ្រីលានដុល្លារ ត្រៀមជំរុញផ្សារហ៊ុនពិភពលោកឲ្យមានសន្ទុះវិញនាឆ្នាំក្រោយ

អន្តរជាតិ

ការកើនឡើងដ៏សំបើមនៃសាច់ប្រាក់ប្រមាណជិត ៦ទ្រីលានដុល្លារ គឺបានត្រៀមសម្រាប់ជំរុញ​ផ្សារហ៊ុនពិភពលោក ឲ្យមានការហក់ឡើងខ្ពស់វិញនាឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការបញ្ជាក់​ពីលោក Mark Newton អ្នករៀបចំយុទ្ធសាស្ត្រនៃស្ថាប័នស្រាវជ្រាវហិរញ្ញវត្ថុឯករាជ្យ Fundstrat។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទាក់ទាញនៃអត្រាការប្រាក់ ៥% បាននាំឱ្យមានការកើនឡើងនៃទ្រព្យសកម្មមូលនិធិទីផ្សារប្រាក់នៅឆ្នាំនេះ ជាមួយនឹងសាច់ប្រាក់សរុប បានឈានដល់កំណត់ត្រា ៥,៨៨ទ្រីលានដុល្លារកើនឡើង ២៤% ធៀបនឹងឆ្នាំមុន ដែលសាច់ប្រាក់ត្រឹម ៤,៧៣ទ្រីលានដុល្លារ។

ផ្សារហ៊ុនពិភពលោកច្បាស់ជាមានកំណើនឡើងវិញជាមិនខាន បើសិនជាធនាគារកណ្ដាលអាមេរិក កាត់បន្ថយអត្រាការប្រាក់នាឆ្នាំក្រោយ ស្របពេលអ្នកជំនាញទីផ្សារព្យាករណ៍ថា ការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្ដាលអាមេរិកនាឆ្នាំក្រោយ នឹងកើតមានយ៉ាងហោចណាស់ ៥ដង។

នៅពេលធនាគារកណ្ដាលអាមេរិក កាត់បន្ថយអត្រាការប្រាក់ នោះក្រុមមហាសេដ្ឋី និងក្រុមហ៊ុនធំៗជាច្រើន ច្បាស់ជាដកលុយមួយចំនួនរបស់ពួកគេ មកបណ្ដាក់ទុនលើផ្សារហ៊ុនវិញ ព្រោះថាបើរក្សាលុយទុកក្នុងធនាគារ គឺមានអត្រាចំណេញ​ទាបជាងការវិនិយោគលើទីផ្សារហ៊ុន។

សូមជម្រាបបន្ថែមថា បច្ចុប្បន្នស្ថានភាពផ្សារហ៊ុនមិនសូវមានភាពពុះកញ្ជ្រោលខ្លាំងឡើយ បើទោះជាផ្សារហ៊ុនធំៗនៅអាមេរិកដូចជា Dowjones និង Nasdaq 100 កំពុងមានសន្ទុះល្អ ដោយសារធនាគារកណ្ដាលអាមេរិក ផ្ដល់អត្រាការប្រាក់ខ្ពស់ចន្លោះពី ៥,២៥% ដល់ ៥,៥%៕