ចំពោះមុខចូ បៃដិន បុរសខ្លាំងរដ្ឋចិននិយាយចំៗថា នឹង​បង្រួបបង្រួម​តៃវ៉ាន់ជាមួយចិនឡើងវិញ

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយចំៗទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​​ចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងថា្នក់ដឹកនាំប្រទេសមហាអំណាចទាំងពីរ នៅទីក្រុង San Francisco នាពេលថ្មីៗនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបង្រួបបង្រួមតៃវ៉ាន់ឡើងវិញជាមួយចិន ប៉ុន្តែចំពោះពេលវេលាជាក់លាក់ណាមួយនៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន NBC បានរាយការណ៍ថា លោក ស៊ី បាននិយាយប្រាប់ទៅកាន់លោក​​ បៃដិន នៅក្នុងកិច្ចប្រជុំលំដាប់កំពូលមួយដែលមានការចូលរួមពីសំណាក់មន្ត្រីអាមរិក និងចិនរាប់សិបនាក់ ដោយឡើងថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺយកកោះតៃវ៉ាន់មកគ្រប់គ្រងដោយសន្តិភាព និងមិនមែនដោយការបង្ខិតបង្ខំនោះឡើយ។

ប្រភពនានាក៏បានប្រាប់បណ្តាញទូរទស្សន៍ NBC ទៀតផងដែរថា ចិន បានស្នើសុំឲ្យលោក​ បៃដិន ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណ:បន្ទាប់ពីជំនួបរបស់លោកទាំងពីរ ដោយនិយាយថា សហរដ្ឋអាមេរិកគាំទ្រគោលដៅរបស់ចិនចំពោះការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ ប៉ុន្តែត្រូវបានខាងសេតវិមានច្រានចោលចំពោះសំណើនេះ។

គួរឲ្យដឹងថាការព្រមានជាឯកជនរបស់លោក ស៊ី ទៅកាន់លោក​ បៃដិន នេះត្រូវបានគេយល់ឃើញថាជារឿងមិនសូវខុសគ្នាប៉ុន្មានពីការអត្ថាធិប្បាយជាសាធារណ:កាលពីកន្លងទៅរបស់មេដឹកនាំប្រទេសចិន លើការបង្រួបបង្រួមតៃវ៉ាន់ឡើងវិញនោះឡើយ ដោយមន្ត្រីអាមេរិក មើលឃើញថាអាកប្បកិរិយារបស់ចិនចំពោះតៃវ៉ាន់ អាចជាការគំរាមកំហែង ជាពិសេសនៅមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ត្រូវធ្វើឡើងនៅខែក្រោយ។

ជុំវិញស្ថានភាពនេះ លោក បៃដិន បានមានប្រសាសន៍ថា លោកបានធ្វើឲ្យមានជំហានជាវិជ្ជមានខ្លះ ក្នុងការចរចារបស់លោក ជាមួយប្រធានាធិបតីចិន លោក ស៊ី ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែមទៀត រវាងប្រទេសមហាអំណាចទាំងពីរ៕