ឧកញ៉ាមួយរូប ធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាល «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» មុនអ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh Special Economic Zone) គឺជា​តំបន់​សេដ្ឋកិច្ចពិសេស​ដ៏​មាន​សក្តានុពល​និង​ធំជាង​គេ​បំផុត​មួយ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ បន្ទាប់​ពី​​​បាន​ទទួល​សិទ្ធិ​វិនិយោគ​​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​និង​មាន​លោកស្រី​ឧកញ៉ា លីម ឈីវហូរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ​តាំង​ពី​បង្កើត​ក្រុមហ៊ុន​ដំបូង នៅ​ឆ្នាំ២០០៦។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ចពិសេសមួយ​នេះ ​​​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា។ លុះ​ដល់​​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ​​ក្រុមហ៊ុន Royal Group ​​របស់​អ្នកឧកញ៉ា គិត ម៉េង ទិញ​បាន​ភាគហ៊ុន​ប្រមាណ ៤៥,០៩​ភាគរយ និង​បាន​ក្លាយ​ជា​ម្ចាស់ភាគហ៊ុន​ធំ​ជាង​គេ ហើយ​បាន​គ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

​​ក្នុងសេចក្តីថ្លែងការណ៍​កាល​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង បាន​លើក​ឡើង​ថា នេះ​ជា​​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុន​ Royal Group។ អ្នកឧកញ៉ា​ បាន​បន្ត​ថា តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​​មាន​ក្រុមហ៊ុន​វិនិយោគ​ជា​ច្រើន​មក​ពី​ប្រទេស​ជប៉ុន ចិន សិង្ហបុរី សហរដ្ឋ​អាមេរិក ម៉ាឡេស៊ី ហូឡង់ និង​អូស្ត្រាលី ដែល​ជា​ទីផ្សារ​ឧស្សាហកម្ម​ដ៏​ធំ​រួមមាន ផ្នែក​​យានយន្ត កាត់ដេរ ភេសជ្ជៈ​ម្ហូបអាហារ ផលិត​ផល​ផ្លាស្ទិក ផលិតផល​អេឡិចត្រូនិក និង​គ្រឿង​អលង្ការ។

​សូម​ជម្រាប​ថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ​​របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​មាន​ទីតាំង​​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​កន្ទោក ​ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ​ បាន​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​​ទៅ​ជា «តំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» (Royal Group Phnom Penh Special Economic Zone) ​វិញ ​កាល​​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ តំបន់​សេដ្ឋកិច្ចពិសេស​នេះ មាន​ផ្ទៃ​ដី​ប្រមាណ​ ៤៥០ហិកតា និង​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាង ៩០ មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន៕