នាថ្ងៃទី២៧ ខែធ្នូនេះ រដ្ឋាភិបាលហ្វីលីពីនទទួលបានការដេញថ្លៃពីក្រុមហ៊ុនចំនួន៤ ក្នុងតម្លៃប្រមាណ ១៧០,៦ពាន់លានប៉េសូ ឬប្រហែល ៣ពាន់លានដុល្លារ សម្រាប់ការជួសជុលប្រលានយន្តហោះអន្តរជាតិធំបំផុតប្រចាំប្រទេស Ninoy Aquino International Airport (NAIA)។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុនទាំង ៤ ដែលដេញថ្លៃធ្វើកំណែទម្រង់ថ្មី សម្រាប់ប្រលានយន្តហោះធំបំផុតលំដាប់ទី៥ នៅតំបន់អាស៊ីអាគ្នេយ៍ គឺមានដូចជា ក្រុមហ៊ុនManila International Airport Consortium, Asian Airport Consortium, GMR Airports Consortium និង SMC SAP & Co Consortium។
រំលឹកបន្តិចថា ប្រលានយន្តហោះ NAIA គឺធ្លាប់បានទីភ្នាក់ងារទេសចរណ៍ខ្លះ ចាត់ទុកជាប្រលានយន្តហោះអន់បំផុតមួយ ដោយសារការពន្យារពេលជើងហោះហើររ៉ាំរ៉ៃ និងការកកស្ទះអ្នកដំណើរ។
កាលពីឆ្នាំ២០១៩ ប្រលានយន្តហោះ NAIA ធ្លាប់ទទួលបានភ្ញៀវទេសចរណ៍រហូតដល់ ៤៨លាននាក់ ស្របពេលបច្ចុប្បន្នមានការសន្និដ្ឋានថា ប្រលានយន្តហោះមួយនេះ នឹងស្វាគមន៍ភ្ញៀវទេសចរណ៍បាន ៣៥លាននាក់។
គម្រោងអភិវឌ្ឍន៍ប្រលានយន្តហោះថ្មី មានគោលដៅពង្រីកលទ្ធភាពផ្ទុកភ្ញៀវទេសចរណ៍ ឲ្យបានរហូតដល់ ៦០លាននាក់ ដើម្បីស្របតាមគោលការណ៍រដ្ឋាភិបាល ក្នុងការអូសទាញភ្ញៀវទេសចរណ៍បរទេសជិត ៨លាននាក់បន្ថែម នៅឆ្នាំ២០២៤ខាងមុខ៕