កម្មករឥណ្ឌូណេស៊ីរាប់រយនាក់ បាននាំគ្នាធ្វើការតវ៉ានៅថ្ងៃពុធ ទី២៧ ខែធ្នូនេះ ប្រឆាំងនឹងលក្ខខណ្ឌការងារនៅក្នុងរោងចក្រកែច្នៃនីកែលមួយ បន្ទាប់ពីមានការផ្ទុះនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ និងរាប់សិបនាក់ទៀតរងរបួស កាលពីចុងសប្តាហ៍មុនកន្លងទៅ។ នេះបើតាមចេញផ្សាយពីសារព័ត៌មាន CNA។
ឧបទ្ទវហេតុផ្ទុះនេះ បានកើតឡើងនៅព្រឹកថ្ងៃសៅរ៍នៅក្នុងរោងចក្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT Indonesia Tsingshan Stainless Steel (ITSS) នៅក្នុងសួនឧស្សាហកម្ម Morowali ស្ថិតនៅលើកោះ Sulawesi ដែលបានធ្វើឲ្យកម្មករធ្វើការនៅកន្លែងជួសជុលឡដុតរ៉ែនីកែលជាច្រើននាក់រងគ្រោះ។
គួរឲ្យដឹងថា រោងចក្រស្ថិតនៅលើកោះ Sulawesi នេះគឺជាមជ្ឈមណ្ឌលសម្រាប់ការផលិតរ៉ែនីកែលដ៏សំខាន់បំផុតមួយរបស់ឥណ្ឌូនេស៊ី សម្រាប់យកទៅប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនី និងដែកអ៊ីណុក ខណ:ឧបទ្ទវហេតុផ្ទុះនេះ ហាក់កាន់តែបង្កឱ្យមានភាពចលាចលកាន់តែខ្លាំងឡើងចំពោះកម្មករដែលធ្វើការនៅទីនោះ ដោយកន្លងមកពួកគេធ្លាប់បានធ្វើការតវ៉ារួចទៅហើយទៅលើការផ្តល់ប្រាក់ខែទាប និងលក្ខខណ្ឌការងារមិនល្អ។
យ៉ាងណាមិញ រូបភាពដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន AFP ថ្មីៗនេះ បានបង្ហាញពីកម្មកររាប់រយនាក់ ចូលរួមក្នុងការតវ៉ាដ៏ធំមួយនៅខាងក្រៅអគាររោងចក្រនោះ ដើម្បីឲ្យក្រុមហ៊ុន ផ្តល់លក្ខខណ្ឌការងារល្អប្រសើរជាងមុន រួមទាំងការរៀបចំទីតាំងឡដុតរ៉ែនីកែលឲ្យកាន់តែមានសុវត្ថិភាព ក៏ដូចជាបង្កើតគ្លីនិកសុខភាព ដើម្បីដោះស្រាយជាមួយគ្រាមានអាសន្ន ផងដែរ។
ជម្រាបជូនផងដែរថា កាលពីខែមករា កម្មករពីរនាក់ ដែលមានម្នាក់ជាជនជាតិចិន ក៏ត្រូវបានបាត់បង់ជីវិតក្នុងរោងចក្ររ៉ែនីកែលមួយកន្លែង ដែលស្ថិតក្នុងសួនឧស្សាហកម្មដូចគ្នានោះផងដែរ និងបានធ្វើឲ្យមានកុបកម្មផ្ទុះឡើង តវ៉ាជុំវិញលក្ខខណ្ឌសុវត្ថិភាព និងប្រាក់ឈ្នួល៕