រាជរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកដែលតម្លៃជាង ២៤លានដុល្លារជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ស្ថិតនៅក្រោយក្រុមហ៊ុន ជីប ម៉ុង លែន របស់ឧកញ៉ា លាង ហួង ហៅ ហេនរី ។ ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
ស្ថានីយ៍ថ្មីនេះ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្រព័ន្ឋបញ្ជាស្វ័យប្រវត្តិ និងបូមទឹកកខ្វក់ពីស្ថានីយ៍បូមទឹកបឹងត្របែក។ តាមការពិសោធន៍ ទឹកកខ្វក់មុនឆ្លងកាត់ការច្រោះមាន BOD = 80mg/l និងក្រោយឆ្លងកាត់ការច្រោះរួចក្លាយជាទឹកស្អាត គ្មានក្លិនស្អុយ ដែលមាន BOD=11mg/l ប៉ុណ្ណោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ក្នុងចំណោមសមិទ្ធផលជាង ៧០គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ»។
ទន្ទឹមនឹងនេះសម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុខភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន នឹងត្រូវបានបន្តពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំថ្មីឆ្នាំ២០២៤ ពោលគឺជាខួបទី៧១ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយសម្ដេចធិបតី បញ្ជាក់ថា កម្ពុជា និងជប៉ុន នៅមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាច្រើនទៀត ដោយឈរលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានស្នើដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។
សូមជម្រាបជូនថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ។ គម្រោងនេះបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ និងលោក មីកាមិ ម៉ាសាហ៊ីរុ អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕