ទឹកមុខរីករាយ! ប៉ុន្មានថ្ងៃនេះអាជីវករលក់អាវរងារកំពុងត្រូវប៉ាន់ហើយ

សង្គម​ និង​សេដ្ឋកិច្ច

អាជីវករនៅផ្សារបឹងកេងកង បង្ហាញពីអារម្មណ៍រីករាយចាប់តាំងពីអាកាសធាតុចុះត្រជាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកមកទិញអាវរងារច្រើនជាងពេលមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកស្រី វណ្ណា

អ្នកស្រី វណ្ណា អ្នកលក់អាវរងារបានលើកឡើងថា អ្នកមកទិញអាវរងារមានស្ទើរាល់ថ្ងៃ ប៉ុន្តែនៅប៉ុន្មានថ្ងៃនេះអតិថិជនមកទិញច្រើនដោយអ្នកខ្លះទិញពាក់ខ្លួនឯង និងទិញផ្ញើចាស់ៗ។ សម្រាប់តម្លៃវិញអ្នកស្រីបញ្ជាក់ថាគឺមានតម្លៃនៅថេរដូចយើងលក់រាល់ថ្ងៃដែរ, របស់ណាធូរលក់ធូរ, របស់ថ្លៃលក់ថ្លៃ ថោកបំផុត១កំផ្លេរ១ម៉ឺនរៀល។

កញ្ញា សម្ភស្ស

ជាមួយគ្នានេះដែរអាជីវកវ័យក្មេង កញ្ញា សម្ភស្ស បានឲ្យដឹងថា នៅរដូវរងារនិងខែក្តៅគឺមានការលក់ដាច់បានច្រើន ពេលខ្លះថ្ងៃសៅរ៍អាទិត្យកញ្ញាលក់បានជាង ២០អាវក៏មាន ដោយអ្នកខ្លះទិញទៅសម្រាប់ដំណើរកម្សាន្តនៅស្រុកក្រៅ។

អ្នកស្រី ស្រីមុំ

ចំណែកអ្នកស្រី ស្រីមុំ អាជីវករលក់អាវរងារនៅផ្សារបឹងកេងកង ក៏បានបង្ហាញនូវអារម្មណ៍រីករាយបន្ទាប់ពីអ្នកមកទិញមានចំនួនច្រើនស្ទើរាល់ថ្ងៃ។ ការមានអ្នកគាំទ្រច្រើននេះដោយសារអ្នកស្រីគាស់ឥវ៉ាន់ក្បាលគីបមកលក់រាយផង និងលក់ដុំផង។ សម្រាប់តម្លៃអ្នកស្រីបញ្ជាក់ថា ទីផ្សារអាវងារគឺមានឡើងមានចុះទៅតាមតម្លៃអាវ និងទៅលើការចរចារពីភ្ញៀវ។

យោងតាមការព្យាករអាកាសធាតុលើកទី១ របស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ បណ្តាខេត្តនៅភាគខាងជើងជាប់ក្បែរជួរភ្នំដងរែក និងខ្ពង់រាបឦសានៈ នៅក្នុងថ្ងៃខ្លះសីតុណ្ហភាពអប្បបរមាធ្លាក់ចុះពី ១៦ ដល់ ១៨អង្សារសេ។ចំណែកនៅបណ្តាខេត្តដទៃទៀត សីតុណ្ហភាព អប្បបរមា ១៩ ដល់ ២២អង្សារសេ។

យ៉ាងណាមិញ ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ ដោយសារបាតុភូតអែលនីញ៉ូ ពោលគឺនឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨អង្សារសេ និងសីតុណ្ហភាពអតិបរមា នៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១អង្សារសេ៕