តុលាការកំពូលថៃសម្រេចលើកលែងទោស អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ មួយករណី

អន្តរជាតិ

កាលពីថ្ងៃទី២៦ ខែធ្នូ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូល សម្រាប់អ្នកកាន់តំណែងនយោបាយថៃ បានសម្រេចលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលធ្លាប់ត្រូវបានរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិលោក Thawil Pliensri មកធ្វើជាទីប្រឹក្សានាយករដ្ឋមន្ត្រីកាលពី​​ខែវិច្ឆិកា ឆ្នាំ២០១១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈកាសែត Bangkok Posts បានធ្វើការចុះផ្សាយថា តុលាការបានសម្រេចថា​ លោកស្រី យីងឡាក់ មិនមានចេតនាក្នុងការបង្កហេតុណាមួយ ក្រៅពីការផ្ទេរតំណែងជាធម្មតារបស់រដ្ឋាភិបាលនោះទេ ហើយក៏មិនមែនជាផែនការក្នុងការដកតំណែងមេប៉ូលិសជាតិ ឬក៏តែងតាំងសាច់ញាតិតាមបក្សតាមពួកឡើយ។ មិនត្រឹមតែប៉ុណ្ណោះ តុលាការក៏បានដកហូតដីកាចាប់ខ្លួនលោកស្រីផងដែរ ពីបទថាកាលពីខែវិច្ឆិកាឆ្នាំមុននោះ លោកស្រីមិនបានចូលខ្លួនមកបំភ្លឺនៅតុលាការ ដើម្បីដោះស្រាយសំណុំរឿងទាំងនេះនោះទេ។

គួរជម្រាបផងដែរ ការចោទប្រកាន់ពីបទរំលោភអំណាច បានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ នៅពេលលោកស្រី យីងឡាក់ ដែលកាលនោះមានតំណែងជានាយករដ្ឋមន្ត្រីបានសម្រេចចុះហត្ថលេខាលើការផ្ទេរលោក Thawil Pliensri ពីតំណែងអគ្គលេខាធិការ NSC ទៅកាន់តួនាទីជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ ខុទ្ទកាល័យបានតែងតាំងលោកឧត្តមសេនីយ៍ Wichean Potephosree ដែលកាលនោះជាអគ្គស្នងការនគរបាលជាតិ មកជំនួសតួនាទីលោក Thawil នៅ NSC វិញ។

ក្រោយមកលោកស្រី យីងឡាក់ បានស្នើឲ្យលោកឧត្តមសេនីយ៍ឯក Priewphan Damapong ដែលជាអគ្គស្នងការរងនគរបាលជាតិ និងក៏ជាសាច់ញាតិជាប់សាច់ជាប់ឈាមរបស់លោកស្រីផងដែរនោះ មកឡើងកាន់តួនាទីជាអគ្គស្នងការនគរបាលជាតិ ដើម្បីបំពេញកន្លែងដែលបន្សល់ទុកដោយលោក Potephosree ។

រម្លឹកបន្តិចថា លោក Priewphan គឺជាបងប្រុសរបស់អតីតភរិយារបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Potjaman Na Pombejra ហើយត្រូវបានចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២។

ដោយឡែក លោក Thawil បានដាក់ញត្តិទៅកាន់តុលាការរដ្ឋបាលកំពូល ដើម្បីរំសាយការផ្ទេរតំណែងនោះផងដែរ ក៏ប៉ុន្តែតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទថា លោកស្រី យីងឡាក់ បានរំលោភអំណាចជ្រៀតជ្រែកក្នុងការផ្ទេរមន្ត្រីរដ្ឋាភិបាល ហើយលោកស្រីក៏ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានចេញសេចក្តីសម្រេចថា មានហេតុផលចម្បងជាច្រើនដែលរកឃើញថា លោកស្រី យីងឡាក់ មានភាពមិនស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយបានផ្តល់អនុសាសន៍ឲ្យអគ្គមេធាវីនាំយកបណ្តឹងប្តឹងលោកស្រី នៅក្នុងផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយ។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានរត់គេចខ្លួនតាំងតែពីខែសីហា ឆ្នាំ២០១៧មកម្លេះ នៅពេលដែលលោកស្រីខកខានបង្ហាញខ្លួននៅតុលាការ ពាក់ព័ន្ធនៅក្នុងកម្មវិធីសន្យាទិញស្រូវដែលខាតបង់យ៉ាងតិចណាស់ ៥០០ពាន់លានបាត ខណៈករណីនេះ ត្រូវបានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ ក្រោយមក តុលាការបានចេញដីកាចាប់ខ្លួនលោកស្រី នៅពេលអតីនាយករដ្ឋមន្ត្រីថៃរូបនេះ បានបង្ហាញខ្លួននៅចំពោះមុខតុលាការ ដែលជាសវនាការលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ។

ដោយឡែក អតីតឧបនាយករដ្ឋមន្ត្រីលោក Wissanu Kreangam កាលពីថ្ងៃចន្ទបានក្រើនរំលឹកផងដែរថា ប្រសិនបើលោកស្រី យីងឡាក់ ចង់ទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រនោះ ដំបូងលោកស្រីត្រូវតែត្រឡប់មកកាន់ប្រទេសថៃវិញ ហើយប្រឈមមុខនឹងប្រព័ន្ធយុត្តិធម៌។

សូមជម្រាបផងដែរថា​ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា គឺជាអ្នកជំនួញ អ្នកនយោបាយ និងក៏ជាសមាជិកនៃគណបក្សភឿថៃផងដែរ ដោយបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០១១ ។ ម្យ៉ាងវិញទៀត លោកស្រី យីងឡាក់ គឺជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃ និងក្មេងជាងគេបំផុតនារយៈពេល ៦០ឆ្នាំមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ រូបគាត់ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ៕