ដូចការគ្រោងទុកនាវាទេសចរណ៍ខ្នាតយក្ស Westerdam បានវិលត្រឡប់មកកាន់កម្ពុជាសាជាថ្មី នាព្រឹកថ្ងៃទី២៨ ខែធ្នូ នៅកំពង់ផែខេត្តព្រះស៏ហនុដោយបាននាំអ្នកទេសចរជាង ២០០០នាក់។ ការណ៍នេះនឹងធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។
ការមកដល់របស់ភ្ញៀវទេសចរណ៍តាមរយៈនាវា Westerdam នៅពេលនេះ កម្ពុជាបានរៀបចំពិធីស្វាគមន៍យ៉ាងអធកអធ័ម ព្រមទាំងទទួលស្វាគមន៍ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ភ្ជាប់ជាមួយកាដូក្រមាខ្មែរជូនដល់ភ្ញៀវទេសចរណ៍ដែលមកដល់កំពង់ស្វយ័តក្រុងព្រះសីហនុផងដែរ។
នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
ពេលណោះពាក្យស្លោកមួយបានរំលេចឡើងគឺ “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។
លើបណ្តាញសង្គមតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងគូសបញ្ជាក់ថា «ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន»។