រយៈពេល ២ខែ រថភ្លើងល្បឿនលឿនឥណ្ឌូណេស៊ី ស្វាគមន៍អ្នកដំណើរច្រើនជាងមួយលាននាក់

អន្តរជាតិ

២ខែដំបូង បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូណេស៊ីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ប្រចាំប្រទេស ដែលមានឈ្មោះថា Whoosh បានដឹកជញ្ជូនអ្នកដំណើរច្រើនជាងមួយលាននាក់ គិតចន្លោះពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី២៥ ខែធ្នូ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Seasia។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកតាមការស្រង់មតិបានបង្ហាញថា ៤៨% នៃអ្នកដំណើរសរុប គឺជាពលរដ្ឋមានរថយន្តផ្ទាល់ខ្លួន ប៉ុន្តែងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដែលចំណេញពេលវេលា សុវត្ថិភាព និងសន្សំសំចៃថវិកា ស្របតាមគោលការណ៍ដែលរដ្ឋាភិបាលចង់បាន។

ជាមួយគ្នា ការទទួលបានអ្នកដំណើរច្រើនជាងមួយលាននាក់ ត្រឹមរយៈពេល ២ខែដំបូងនេះ បានធ្វើឲ្យពលរដ្ឋមានការទុកចិត្តកាន់តែខ្លាំង ជាមួយការធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុងបានឌុង ពោលការរត់របស់រថភ្លើង Whoosh កើនឡើងពី ១៤ រហូតដល់ ៤៨ជើង ក្នុងមួយថ្ងៃ។

សូមជម្រាបបន្ថែមថា រថភ្លើងល្បឿនលឿន Whoosh អាចរត់បានរហូតដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយភ្ជាប់ពីស្ថានីយ Halim Station នៅទីក្រុងហ្សាកាតា ទៅកាន់ស្ថានីយ Tegalluar Station នៅទីក្រុងបានឌុង ហើយវាបានជួយកាត់បន្ថយពេលវេលាធ្វើដំណើរបានច្រើនសន្ធឹក បើធៀបទៅនឹងការបើកបរ​ដោយខ្លួនឯង ពោលកាត់បន្ថយរយៈពេលពីជាង ៣ម៉ោង មកនៅត្រឹម ៤០នាទីប៉ុណ្ណោះ៕