នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឲ្យធនាគារកណ្ដាល រកវិធីសាស្ត្រទប់ស្កាត់ការឡើងថ្លៃមាសនៅក្នុងស្រុក ដោយលោកអះអាងថា វាជះឥទ្ធិពលអវិជ្ជមានលើទីផ្សារហិរញ្ញវត្ថុ រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា តម្លៃមាសនៅប្រទេសវៀតណាម មានការហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែនេះ ដោយកើនដល់ចំណុចខ្ពស់បំផុត ៨០លានដុង ឬប្រមាណ ៣ ២៩២,៨៦ដុល្លារក្នុងមួយអោន កាលពីថ្ងៃអង្គារ កើនឡើងជិត ២០% បើធៀបនឹងដើមឆ្នាំនេះ។
“ទីផ្សារមាសទាំងក្នុងស្រុក និងអន្តរជាតិ មានសកម្មភាពរញ៉េរញ៉ៃខ្លាំង ដោយតម្លៃមាសនៅក្នុងស្រុក មានការកើនឡើងជាបន្តបន្ទាប់ ដែលវាប៉ះពាល់ខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុ”។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាម។
សូមជម្រាបដែរថា ប្រជាជនវៀតណាមមានទំនោរទិញ និងសន្សំមាសទុក ពេលតម្លៃវាឡើងថ្លៃ ដែលអាចបង្កឲ្យកើតមានជាវិបត្តិអតិផរណា ដូច្នេះទើបថ្នាក់ដឹកនាំប្រទេស ត្រៀមវិធីសាស្ត្រទប់ស្កាត់ការឡើងថ្លៃដ៏សំបើមរបស់មាសនៅក្នុងស្រុក៕