លោក ឃួង ស្រេង៖ ក្នុងឆ្នាំ២០២៣ រាជធានីភ្នំពេញមានរោងចក្រវិនិយោគសរុបប្រមាណ ៧៦៣រោងចក្រ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រោងចក្រដែលវិនិយោគក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០២៣នេះ មានចំនួន៧៦៣រោងចក្រ គឺមានការកើនឡើងយ៉ាងគំហុកបើធៀបនឹងឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីនោះ លោក ឃួង ស្រេង បានថ្លែងថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ដោយមានរោងចក្រវិនិយោគប្រមាណ ៧៦៣រោងចក្រ ក្នុងនោះរោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន៨១រោងចក្រ កើនឡើង១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប៦,៥៩៣លានដុល្លាអាមេរិក គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២កន្លងទៅ។

លោកបន្តថា ទាំងអស់នេះហើយជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល២ឆ្នាំចុងក្រោយនេះ។

សូមជម្រាបជូនថា គិតមកដល់បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសសរុបជាង១ពាន់រោងចក្រ មានកម្មករនិយោជិកប្រមាណជាង៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្មួលសរុបជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះសហគ្រាសវិស័យកាត់ដេរមានជាង៧០០រោងចក្រ មានកម្មករនិយោជិកសរុបជាង៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ជាមួយគ្នានេះ រាជធានីភ្នំពេញគឺជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍន៍រោងចក្រសហគ្រាសច្រើនជាងគេផងដែរ៕