បើទោះបីជាមានតម្លៃថ្លៃ ប្រជាពលរដ្ឋគួរងាកមកបរិភោគសាច់ជ្រូកក្នុងស្រុក ដើម្បីចៀសផុតពីការកើតជំងឺផ្សេងៗ។ នេះជាសារអំពាវនាវរបស់អាជីវករលក់សាច់ជ្រូកនៅផ្សារច្បារអំពៅ។
ផ្ញើសារពីផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ អាជីវករលក់សាច់ជ្រូកបានបង្ហាញនូវការព្រួយបារម្ភចំពោះការនាំចូលសាច់ជ្រូកបង្កក និងអំពាវនាវដល់ពលរដ្ឋងាកមកគាំទ្រសាច់ជ្រូកនៅក្នុងស្រុកបើទោះបីជាមានតម្លៃថ្លៃ។
លោកស្រី សុភាន់ អាជីវករលក់សាច់ជ្រូកកាប់ស្រស់ទិញពីកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ បានលើកឡើងថា សាច់ជ្រូកស្រស់ និងសាច់ជ្រូកបង្កកមានតម្លៃខុសគ្នា ដោយសាច់ស្រស់មានតម្លៃថ្លៃជាង។ទោះជាមានតម្លៃថ្លៃ លោកស្រីនៅតែអាចលក់បាន ដោយលក់ដាច់ប្រហែល១០០គីឡូក្រាមក្នុងមួយថ្ងៃ។
អាជីវកររូបនេះ បន្តថា ការលក់សាច់ជ្រូកស្រស់គឺមិនសូវមានផលលំបាកនោះទេ ពីព្រោះប្រជាពលរដ្ឋគាត់មានភាពឆ្លាតវៃក្នុងការមើលសាច់ជ្រូក អ៊ីចឹងពេលអ្នកទិញដឹងថាសាច់នៅក្នុងស្រុកគាត់ចូលមកទិញតែម្ដង។ ការលក់សាច់ជ្រូកនៅលើជ្រុញ នេះ ប្រភេទសាច់សុទ្ធក្នុងមួយគីឡូក្រាមតម្លៃ ២ម៉ឺនរៀល សាច់បីជាន់ ២៣០០០រៀល ជើងជ្រូក និងឆ្អឹង តម្លៃ២០០០០រៀលក្នុងមួយគីឡូ។
លោក ម៉ាប់ អាជីវករលក់ជ្រូកស្រស់ទិញពីកសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋភាគច្រើនគាត់ចេះមើលសាច់ជ្រូកហើយ ដោយសង្កេតទៅលើពណ៌របស់សាច់។ សាច់ស្រស់ មានពណ៌រៀងក្រហម ដោយសារជាប់ឈាម ចំណែកឯសាច់បង្កកវិញពណ៌សសុទ្ធដូចសំឡី អ៊ីចឹងអ្នកទិញពេលឃើញគាត់អាចមានការបែងចែកច្បាស់។ ទោះជាយ៉ាងណា អាជីវកររូបនេះ នៅតែបង្ហាញការព្រួយបារម្ភដល់អ្នកមិនទាន់ចេះមើលសាច់ជ្រូក និងអំពាវនាវឱ្យពលរដ្ឋទាំងអស់ងាកមកជួយគាំទ្រ ទិញហូបសាច់ជ្រូកដែលកាប់ស្រស់ ទោះជាមានតម្លៃរៀងថ្លៃបន្តិចក៏ដោយ ដើម្បីចៀសផុតពីជំងឺផ្សេងៗ។
សូមជម្រាបជូនផងដែរថា កាលពីចុងខែវិច្ឆិកាកន្លងទៅអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានចុះបង្រ្កាបកន្លែងស្ដុកទុកសាច់បង្កកប្រមាណជាង៧៦តោននៅរាជធានីភ្នំពេញ ៕
អត្ថបទ៖ សុកធា