នាយករដ្ឋមន្ត្រីថៃលោកស្រេតថា និងភរិយា ប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួន

អន្តរជាតិ

កាសែតបាំងកកប៉ុស្ត៍ បានចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូថា នាយករដ្ឋមន្ត្រីនៃប្រទេសថៃលោក ស្រេតថា ថាវីស៊ីន និងភរិយារបស់លោកបានប្រកាសពីទ្រព្យសម្បត្តិដែលមានតម្លៃសរុប ១,០២ពាន់លានបាត ខណៈក្នុងនោះក៏មានរថយន្តតម្លៃ ៣១៤លានបាត ក៏ដូចជាគ្រឿងអលង្ការតម្លៃ ១៣១,០៥លានបាតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណកម្មាធិការជាតិប្រឆាំងអំពើពុករលួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោក ស្រេតថា តម្រូវឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់របស់លោក នៅពេលដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃទី៥ ខែកញ្ញា។

មកទល់ពេលនេះលោក ស្រេតថា មានទ្រព្យសម្បត្តិសរុប ៦៥៩,៣៩លានបាត ចំណែកឯភរិយាគឺបណ្ឌិត Pakpilai មានទ្រព្យសម្បត្តិសរុបចំនួន ៣៦១,០៨លានបាត ស្របពេលពួកគេទាំងពីរមានប្រាក់ចំនួន ៩,៧៣លានបាតនៅក្នុង Bank Overdrafts។

គួរបញ្ជាក់ដែរថា​ អ្នកទាំងពីរមានប្រាក់សុទ្ធចំនួន ២,៨លានបាត និងមានប្រាក់ ១១៦,០១លានបាតទៀតក្នុងគណនីបញ្ញើចំនួន៨៥ រីឯការវិនិយោគមានចំនួន ៥៣,៦៥លានបាត និងមានដីនៅសង្កាត់ Phra Khanong នាទីក្រុងបាងកកមានតម្លៃ ១៥៨,៤លានបាត ព្រមទាំងខុនដូដែលមានតម្លៃ ១៥៦,៤២លានបាតនៅក្នុងខេត្ត Prachuap Khiri Khan និងផ្ទះបីជាន់នៅទីក្រុងបាងកក។

ជាមួយគ្នានោះ លោក ស្រេតថា មានរថយន្ត Aston Martin DB5 ដែលចុះបញ្ជីនៅប្រទេសអង់គ្លេសតម្លៃ ៥០លានបាត ខណៈលោកស្រី Pakpilai មានរថយន្តចំនួន ៣គ្រឿងរួមមាន Toyota Alphard, Fiat និង Tesla Model Y ដែលមានតម្លៃសរុប ៧៨លានបាត។

នាយករដ្ឋមន្ត្រីរូបនេះ ក៏បានប្រកាសថាលោកមាននាឡិកាចំនួន ៣៨គ្រឿងក្នុងតម្លៃសរុប ១២៧,៩៥លានបាត ចំណែកឯនាឡិកាចំនួន ៣១គ្រឿងរបស់ភរិយារបស់លោកត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៨៤,៨៧លានបាត។ មួយវិញទៀត លោកស្រីមានកាបូបចំនួន៤៨ ដែលមានតម្លៃ ៣៧,០១លានបាត ហើយលោក ស្រេតថា មានកាបូប Louis Vuitton X តម្លៃ ៦លានបាត។ ចុងក្រោយបង្អស់នោះ អ្នកទាំងពីរមានគ្រឿងអលង្ការត្បូងពេជ្រ សរុបចំនួន ១៣១,០៥លានបាតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោក ស្រេតថា​បានប្រាប់ NACC ថា លោករកចំណូលបានប្រមាណ ២៥៣,៦៤លានបាតក្នុងមួយឆ្នាំ ហើយចំណាយប្រាក់ទៅវិញប្រហែល ៥១,៦៣លានបាត។ ដោយឡែក លោកស្រី Pakpilai បានរាយការណ៍មកផងដែរថា លោកស្រីរកចំណូលបានប្រហែល ៣,២១លានបាតក្នុងមួយឆ្នាំ ក៏ប៉ុន្តែត្រូវចំណាយត្រឡប់ទៅវិញរហូតដល់ទៅ ២០,៦៧លានបាត។

ជម្រាបបន្ថែមថា លោក ស្រេតថា ថាវីស៊ីន គឺជាអ្នកនយោបាយ ហើយបច្ចុបន្ននេះលោកកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ខណៈមុនពេលដែលលោកចូលកាន់តំណែង លោក ស្រេតថា ក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសថៃ Sansiri ផងដែរ៕