រោងចក្រផលិតទឹកស្អាត តម្លៃជាង២២លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន​ ដែលមានតម្លៃប្រមាណ២២លានដុល្លារ នៅខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមាន លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា រោងចក្រនេះជារោងចក្រផលិតទឹកស្អាតទី៣ហើយ ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មីជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ ក្នុងខេត្តកំពង់ធំ។ខណៈយើងប្រារពខួបលើកទី៧០នៃទំនាក់ទំនងកាទូតដ៏រឹងមាំ និងរស់រវើករវាងកម្ពុជា និងជប៉ុន ឆ្នាំ២០២៣ ក៏បង្ហាញនូវសមិទ្ធផលជាច្រើននៃទំនាក់ទំនងនេះផងដែរ។

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រផលិតទឹកស្អាតនេះស្ថិតក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងទំហំទឹកប្រាក់ប្រមាណ ២២,២ លានដុល្លារ។គម្រោងនេះប្រើពេលសាងសង់ ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រផលិតទឹកស្អាត និងអគារ​រដ្ឋបាលមួយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត​ក្នុងខេត្តពោធិ៍សាត់ជារួម។

សូមជម្រាបបន្ថែមថា រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុននេះ មានសមត្ថភាពផលិតបាន ៦.៦០០ម៉ែត្រគូប/ថ្ងៃ និងជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ជាមួយ​នឹង​បណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយ​ទឹកស្អាត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុង​ក្រុង​ពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀងផងដែរ៕