ប្រធានសមាគមវិនិយោគិនទេសចរណ៍តួកគីលោក Oya Narin បានប៉ាន់ប្រមាណថា ប្រទេសតួកគីអាចទាក់ទាញទេសចររហូតដល់ ៨០០លាននាក់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ។
លោក Oya Narin បាននិយាយថា ដើម្បីអាចសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតានេះ នឹងតម្រូវឲ្យប្រទេសធ្វើការរៀបចំឲ្យប្រសើរឡើង ក៏ដូចជាការធ្វើពិពិធកម្មសមត្ថភាពនាពេលបច្ចុបន្ន ដោយបង្កើតតំបន់ទេសចរណ៍ផ្សេងៗគ្នា។
ប្រទេសតួកគី មានជម្រើទេសចរណ៍ជាច្រើនរួចមកហើយ រួមមានទាំងឆ្នេរសមុទ្រ ទេសចរណ៍វប្បធម៌ ក៏ដូចជាសេវាសុខភាព។ លោក Narin បានបន្ថែមថា អ្នកដែលធ្វើការពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បាននឹងកំពុងធ្វើការដើម្បីពង្រីកវិសាលភាព ដូចជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងការធ្វើម្ហូបអាហារជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ប្រធានសមាគមវិនិយោគិនទេសចរណ៍រូបនេះ បាននិយាយថាវិស័យទេសចរណ៍នឹងមានចំនួន៧,៥% នៃផលិតផលជាតិសរុបនៅឆ្នាំ២០២៨ ខណៈចំនួននេះកើនឡើងពី៥,៥% នាពេលបច្ចុបន្ន ហើយប្រាក់ចំណូលពីទេសចរណ៍នឹងឈានដល់ ១០០ពាន់លានដុល្លារ។
យ៉ាងណាមិញ ទិន្នន័យចុងក្រោយរបស់ក្រសួងវប្បធម៌ និងទេសចរណ៍តួកគីបានបង្ហាញថា ប្រទេសតួកគីបានទាក់ទាញភ្ញៀវទេសចរចំនួន ៥២,៧លាននាក់ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣នេះ ស្របពេលក្រសួងបានដាក់គោលដៅថា នៅដំណាច់ឆ្នាំ២០២៣នេះ នឹងទទួលភ្ញៀវទេសចរបរទេសសរុបចំនួន ៦០លាននាក់ ក៏ដូចជាបង្កើតប្រាក់ចំណូលឲ្យបានចំនួន ៥៥,៦ពាន់លានដុល្លារ៕