ក្រុមហ៊ុនរថយន្តវៀតណាម VinFast មានក្រុមហ៊ុនដៃគូសម្រាប់ចែកចាយរថយន្តអគ្គិសនីដំបូង នៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Leith Automotive Group ដែលស្ថិតនៅរដ្ឋ North Carolina។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រៅពីជាដៃគូនៃការលក់រថយន្ត ក្រុមហ៊ុន Leith ក៏ជាអ្នករ៉ាប់រងរាល់ការជួសជុល ថែទាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ សម្រាប់រថយន្ត VinFast ទាំងអស់ផងដែរ។
រំលឹកបន្តិចថា កាលពីខែមុន VinFast ទទួលបានលិខិតស្នើសុំសហការពីក្រុមហ៊ុនរថយន្តនៅអាមេរិក រហូតដល់ ៧០ក្រុមហ៊ុន ហើយបើសិនជាក្រុមហ៊ុនមហាសេដ្ឋីវៀតណាម យល់ព្រមសហការជាមួយក្រុមហ៊ុនទាំងនោះ ពួកគេនឹងអាចដាក់លក់រថយន្ត នៅ ១២៥ទីតាំង ទូទាំងសហរដ្ឋអាមេរិក។
ជម្រាបបន្ថែមថា រដ្ឋ North Calorina ក៏ជាទីតាំងសំខាន់មួយសម្រាប់ VinFast ផងដែរ ពោលរោងចក្រតម្លៃ ៤ពាន់លានដុល្លាររបស់ពួកគេ កំពុងសាងសង់នៅទីនោះ ដោយមានគោលបំណងដំណើរការសង្វាក់ផលិតកម្មរថយន្ត នៅឆ្នាំ២០២៦ ទៀតផង៕