មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ដែលមានសញ្ជាតិអ៊ីស្រាអែលផងនោះ បានធ្វើការប្ដឹងផ្ដល់ ចំពោះធនាគារអ៊ីស្រាអែល Mizrahi-Tefahot ជុំវិញការបង្កកលុយប្រហែល ២លានដុល្លារ ដែលលោកមានបំណងផ្ដល់ជំនួយទៅកាន់អង្គការក្រៅរដ្ឋាភិបាល Zaka។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអ៊ីស្រាអែល Calcalist។
កញ្ចប់ជំនួយ ២លានដុល្លារ ដែលអតីតម្ចាស់ក្លឹបបាល់ទាត់ Chelsea គ្រោងផ្ដល់ជូនអង្គការ Zaka គឺដើម្បីជួយសម្រួលដល់បេសកកម្មស្វែងរកមនុស្ស និងជួយជាស្បៀងអាហារ ដល់ប្រជាជនកំពុងរងទុក្ខ ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន។
“បញ្ហានៅក្នុងដៃ ដែលកើតចេញពីកាលៈទេសៈហួសពីការគ្រប់គ្រងរបស់យើង គឺជាការបដិសេធមិនសមហេតុផលរបស់ធនាគារ ក្នុងការមិនអនុញ្ញាតឱ្យមានការបរិច្ចាគដែលត្រូវការជាបន្ទាន់ដល់អង្គការ ZAKA ទាំងដើម្បីការពារការដួលរលំរបស់អង្គការ និងដើម្បីជួយអ្នកស្ម័គ្រចិត្តដែលស៊ូទ្រាំនឹងផលវិបាកផ្លូវចិត្តដ៏លំបាកនៃសង្រ្គាមមួយនេះ”។ នេះបើតាមអត្ថន័យនៃពាក្យបណ្ដឹងរបស់មហាសេដ្ឋីរុស្ស៊ី។
គួររំលឹកដែរថា ខែនេះគឺជាខែអាក្រក់បំផុតសម្រាប់លោក Abramovich ពោលកាលពីសប្ដាហ៍មុន តុលាការសហភាពអឺរ៉ុប បានច្រានចោលការសុំដកទណ្ឌកម្មសេដ្ឋកិច្ចលើរូបលោក ខណៈពេលនេះ គ្រាន់តែលោកចង់ធ្វើសប្បុរសធម៌ ក៏ត្រូវមកជួបនឹងភាពស្មុគស្មាញបែបនេះថែមទៀត៕