យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាជីវកម្មដំណើរការទូទាត់សាច់ប្រាក់ Mastercard បានបង្ហាញឲ្យដឹងថា បាងកក ភូកេត និងប៉ាតាយ៉ា របស់ប្រទេសថៃ បានជាប់ក្នុងចំណោមទីក្រុងចំនួន ២០ ដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣ នេះ។
រាជធានីរបស់ប្រទេសថៃ គឺទីក្រុងបាងកក បានជាប់នៅចំណាត់ថ្នាក់លេខ១ ដោយមានភ្ញៀវបរទេសសរុបចំនួន ២២,៧៨ លាននាក់ និងតាមពីក្រោយដោយទីក្រុងប៉ារីស របស់ប្រទេសបារាំង មានភ្ញៀវទេសចរបរទេស ១៩,១០ លាននាក់ និងទីក្រុងឡុងដ៏ របស់អង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៣ មានភ្ញៀវសរុប ១៩,០៩ លាននាក់ ។
ទីក្រុងបាងកកបានរក្សាតំណែងកំពូលរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ១ នេះ សម្រាប់រយៈពេលមួយឆ្នាំផ្សេងទៀត ដោយសារតែទីក្រុងមានជីវិតរស់នៅតាមដងផ្លូវដ៏រស់រវើក ទីសក្ការៈបូជាធំៗ និងអាហារតាមដងផ្លូវដ៏សម្បូរបែប។
ជម្រាបជូនផងដែរថា ទីក្រុងភូកេត បានជាប់ចំណាត់ថ្នាក់ទី១៤ នៅក្នុងឆ្នាំ ២០២៣ នេះ ដែលមានភ្ញៀវទេសចរបរទេសសរុប ៩,៨៩ លាននាក់ ទៅលេងកម្សាន្ត ខណៈប៉ាតាយ៉ាជាប់ចំណាត់ថ្នាក់ទី១៥ ដែលមានអ្នកមកទស្សនា ៩,៤៤ លាននាក់៕