អ្នកឧកញ៉ា សួរ វីរៈ នាំយកថវិកា ១២០លានរៀល ជួយមន្ទីរពេទ្យគន្ធបុប្ផា ជាលើកទី៧

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣​នេះ អ្នកឧកញ៉ាសួរ វីរៈ ​អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និង​លោកជំទាវ ប៊ុន ចន្ធូ ​​​​បាន​នាំ​យកថវិកា​ចំនួន ១២០​លាន​រៀល ប្រគល់​ជូន​ដល់​មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជាការ​ចូលរួម​ចំណែកក្នុងការជួយសង្រ្គោះដល់កុមារកម្ពុជាទូទាំងប្រទេស។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាសួរ វីរៈ ​​បាន​លើកឡើង​ថា នេះ​​ជា​កាដូចុងឆ្នាំ​ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា ហើយ​ក៏​ជា​កាដូលើកទី៧ ​ដែលក្រុមហ៊ុនវីរ:ប៊ុនថាំ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខកុមារកម្ពុជា។ ក្នុងឱកាសឆ្នាំថ្មី​ខាងមុខ​នេះ អ្នកឧកញ៉ា​សូមជូនពរ កុមារកម្ពុជាទាំងអស់ឱ្យ​មានសុខភាពល្អ និងរួចផុតពីជំងឺទាំងឡាយ។

អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ​​បាន​បន្ថែម​ដូច្នេះ​ទៀត​ថា៖ “ថ្ងៃនេះផងដែរ ខ្ញុំបានទទួលនូវដំណឹង​គួរ​ឱ្យ​ត្រេកអរល្អមួយទៀត ដែលថ្មីៗនេះមន្ទីរពេទ្យគន្ធបុប្ផាបានបើកផ្តល់នូវសេវា ព្យាបាលជំងឺមហារីកទូទៅ​ជូនដល់​កុមារកម្ពុជាទាំងអស់ ដែលជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់​កុមារកម្ពុជា។ ខ្ញុំសូមអរគុណគ្រូពេទ្យ​ទាំងអស់​ដែលតែង​តែ​យកចិត្តទុកដាក់ លះបង់អស់ពីកំលាំងចិត្ត​ និង​កាយព្យាបាលកុមារកម្ពុជា”។

គួររំឮកដែរថា ថវិកាសប្បុរសធម៌ ចំនួន ១២០លានរៀល ដែលស្ថាបនិកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បាន​បរិច្ចាគលើកនេះ គឺជាលើកទី៧ ហើយ ក្នុងនោះ​បើគិតជាថវិកាសរុប ចូលជិត ១៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជាមួយនេះ បានរួម​ចំណែកក្នុងវិស័យសុខភាពសាធារណៈ ក៏ដូចជាការជួយសង្គ្រោះជីវិត និងព្យាបាលកុមារក្នុងប្រទេសកម្ពុជា៕