កំណើនសេដ្ឋកិច្ចវៀតណាម កើនឡើងទាបជាងការរំពឹងទុកក្នុងឆ្នាំ២០២៣

អន្តរជាតិ

កំណើនសេដ្ឋកិច្ចនៃប្រទេសវៀតណាមក្នុងឆ្នាំ២០២៣នេះ ទទួលបានត្រឹម ៥,០៥% ទាបជាងឆ្នាំទៅ ដែលមាន ៨,០២% ស្របពេលរដ្ឋាភិបាលវៀតណាមបរាជ័យ ក្នុងការសម្រេចបាន​កំណើនសេដ្ឋកិច្ច ៦,៥% ដូចផែនការគ្រោងទុកកាលពីដើមឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មូលហេតុដែលវៀតណាម មិនអាចសម្រេចបានផែនការខាងលើ ដោយសារតម្រូវការសកលលោកធ្លាក់ចុះ ស្របពេលការបណ្ដាក់ទុនសាធារណៈក៏កំពុងជាប់គាំង ចំពេលមានការបង្ក្រាបអំពើពុករលួយ​ទ្រង់ទ្រាយធំនៅក្នុងប្រទេស។

រំលឹកបន្តិចថា ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្ម ប៉ុន្តែការនាំចេញរបស់ពួកគេបានធ្លាក់ចុះ ៤,៤% នៅក្នុងឆ្នាំ២០២៣ ដែលសម្រេចបានទំហំទឹកប្រាក់ត្រឹម ៣៥៥,៥ពាន់លានដុល្លារប៉ុណ្ណោះ។

ដើម្បីអូសទាញក្រុមវិនិយោគិនបរទេស មកបណ្ដាក់ទុននៅក្នុងស្រុកវិញ រដ្ឋាភិបាលវៀតណាម​បានដាក់ចេញនូវគោលនយោបាយគាំទ្រការវិនិយោគបរទេសជាច្រើន ដូចជាការកាត់បន្ថយពន្ធ និងផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀត លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។

ជម្រាបបន្ថែមថា បើទោះជាវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកក្ដី ប៉ុន្តែប្រទេសមួយនេះនៅតែមានកំណើនសេដ្ឋកិច្ចល្អខ្លាំង ធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយក្នុងត្រីមាសចុងក្រោយនេះ ពួកគេទទួលបានការបណ្ដាក់ទុនរាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក និងប្រទេសចិន៕