អ្នកឧកញ៉ា សៀ ឬទ្ធី កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំអាពាហ៍ពិពាហ៍កូនប្រុសដ៏ធំបំណាច់ឆ្នាំ២០២៣ មានការអញ្ជើញថ្នាក់ដឹកនាំកំពូលៗ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ម្ចាស់អាជីវកម្មនិងភ្ញៀវកិត្តិយសជាច្រើនរយនាក់ចូលរួមអបអរសាទរគូស្វាមីភរិយាថ្មី។
ពិធីមង្គលការដែលលោកមេប៉ាជាមហាសេដ្ឋីលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា គឺរៀបចំឡើងតាមប្រពៃណីជាតិ ទំនៀមទម្លាប់ខ្មែរដ៏ធំនេះចំណាយលុយរាប់លានដុល្លារក្នុងការរៀបចំទៅតាមទម្រង់ប្រពៃណីជាតិ តុបតែងរចនាផ្កាភ្ញីស្រស់ស្អាត ភ្លើងពណ៌ក្នុងពិធីពិសាភោជនីហារ។ នេះតើតាមប្រភពជឿទុកចិត្តម្នាក់បានបង្ហើបប្រាប់ឧកញ៉ាញូស៍។
ពិធីមង្គលការរវាងកូនក្រុមគ្រួសារអភិជននាបំណាច់ឆ្នាំ២០២៣នេះ កូនប្រុសនាម សៀ ដានីញ៉ែល ជាកូនបង្កើតអ្នកឧកញ៉ា សៀ ឬទ្ធី និងលោកស្រី ហាក់ វណ្ណារ៉ា ម្ចាស់ក្រុមហ៊ុន Worldbridge Group កូនស្រីនាម ហុង លីកាសិលា ជាកូនលោក ង៉ោ ហុង និងមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអ្នកតំណាងម្តាយខាងស្រី។
ពិធីហែជំនួន កាត់សក់បង្កក់សិរី និងសែនចង់ដៃ ព្រមទាំងពិធីប្រពៃណីផ្សេងទៀត ត្រូវបានអ្នកឧកញ៉ា សៀ ឬទ្ធី ជ្រើសរើសប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ក្នុងពិធីអាពាហ៍ពិពាហ៍ដ៍ធំចុងឆ្នាំនេះក៏ត្រូវបានអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
សូមជម្រាបជូនថា មុនឈានដល់ថ្ងៃមង្គលការតាមប្រពៃណីខ្មែរនេះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ អ្នកឧកញ៉ា សៀ ឫទ្ធី ដឹកដៃកូនប្រុស សៀ ដានីញ៉ែល ចូលចែចូវស្តីដណ្តឹងនារីម្នាក់នៅខណ្ឌច្បារអំពៅ ឈ្មោះ ហុង លីកាសិលា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប៕