ឧត្តមសេនីយ៍ជាន់ខ្ពស់របស់ចិនចំនួន៩រូប ត្រូវបានបណ្តេញចេញពីតំណែង

អន្តរជាតិ

រដ្ឋាភិបាលចិន បានសម្រេចដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ចំនួនប្រាំបួនរូប ចេញពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រូវបានដកចេញពីតំណែងនោះ ក៏រួមមានមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនផងដែរ ហើយខណៈដែលការុះរើនេះទំនងជាការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ ដែលត្រូវបានគេរាយការណ៍ថា កំពុងដំណើរការនៅក្នុងលទ្ធកម្មដោយកម្លាំង ដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល។

យោងតាមការប្រកាសរបស់ NPC បានរាយនាមពីសមាជិកភាព ដែលត្រូវដកចេញពីតំណែងរួមមានលោក Zhang Zhenzhong, Zhang Yulin, Rao Wenmin, Ju Xinchun, Ding Laihang, Lu Hong, Li Yuchao, Li Chuanguang និង Zhou Yaning ។

ទន្ទឹមនឹងនោះ សារព័ត៌មានបរទេសមួយចំនួនបានចុះផ្សាយដែរថា អតីតរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu ក៏មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ទើបលោកត្រូវបានគេបណ្តេញចេញពីតំណែងកាលពីខែតុលា។ លុះមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍ បានតែងតាំងអតីតមេបញ្ជាការកំពូលនៃកងនាវាចរចិន លោក Dong Jun មកកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិវិញ។

គួរជម្រាបថា នេះមិនមែនលើកទីមួយទេ ដែលឧត្តមសេនីយ៍ជាន់ខ្ពស់របស់ PLA ត្រូវបានបណ្តេញចេញពីតំណែង ខណៈមួយចំនួននៃពួកគេទាំងនោះ ត្រូវបានដកតំណែងក៏ដោយសារការប្រព្រឹត្តអំពើពុករលួយ និងការរំលោភបំពានអំណាច បន្ទាប់ពីលោកប្រធានធិបតី Xi ឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ៕