រយៈពេល១២ខែក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង៣៧លានដុល្លារ។ នេះ បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
តាមរយៈសេចក្ដីប្រកាសនេះ រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នា២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។
សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប ចំនួន ១ ៥៩៦ ១៣៨ ដុល្លារអាម៉េរិក។ ចំណូលពីការលក់បណ្ណនៅប្រាសាទ កោះកែររយៈ ពេលមួយឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ។
សេចក្ដីប្រកាសដដែលបានបង្ហាញថា ចំណូលបានពីការលក់សំបុត្រទូក រយៈពេល១២ខែ ឆ្នាំ២០២៣ មានចំនួន ៥៦៤ ៦៧១ដុល្លារអាម៉េរិក៕
អត្ថបទ៖ សុកធា