ខែចុងក្រោយនៃឆ្នាំ២០២៣ ពោលគឺក្នុងខែធ្នូ កូនអ្នកឧកញ៉ា ចំនួនពីររូប បានចូលរោងជ័័យ រៀបអាពាហ៍ពិពាហ៍ ដ៏ធំ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗ ឥស្សរជនជាន់ខ្ពស់ក្នុងជួរមន្ត្រីរាជការ អ្នកឧកញ៉ា ឧកញ៉ា រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដោយចំណាយប្រាក់ខ្ទង់លានដុល្លារក្នុងការរៀបចំដំណើរការកម្មវិធី។
រោងជ័យរបស់កូនអ្នកឧកញ៉ា ទាំងពីររូប ត្រូវបានធ្វើឡើងនៅថ្ងៃផ្សេងៗគ្នាក្នុងខែធ្នូគឺ៖
រោងជ័យទី១ ជាពិធីមង្គលអាពាហ៍ពិពាហ៍ របស់កូនស្រី អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប។ អ្នកឧកញ៉ា រៀបមង្គលការឱ្យកូនស្រី អ៊ឹង កណិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយកូនកម្លោះ ប៉ែន សំអាតសុទ្ធជាតិ ជាកូនប្រុសរបស់លោក ប៉ែត សំអាត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ពិធីមង្គលដ៏ធំកូនស្រីអ្នកឧកញ៉ា លាង ឃុន បានជ្រើសរើសកន្លែងបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស ពិសារភោជនី ហារនៅសាលតាំងពិព័ណ៌ និងសន្និបាតអន្តរជាតិ OCIC ជ្រោយចង្វាររបស់អ្នកឧកញ៉ា ពុង ឃាវសែ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបដូចជា សម្ដេចតេជោ ហ៊ុន សែន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា មន្រ្តីរាជការ ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
រោងជ័យទី២ គឺជាមង្គលការរបស់កូនប្រុសអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុន Worldbridge Group។ អ្នកឧកញ៉ា បានរៀបចំពិធីមង្គលឱ្យកូនប្រុសនៅថ្ងៃទី២៩ ខែធ្នូ ដែលកូនប្រុសមាននាម សៀ ដានីញ៉ែល ជាគូជាមួយកូនក្រមុំនាម ហុង លីកាសិលា ក្រោមវត្តមានមេបាចាស់ទុំ ព្រមទាំងមានការអញ្ជើញ ផ្ដល់កិត្តិយសពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអ្នកតំណាងម្តាយខាង ស្រី ផងដែរ។
អាពាហ៍ពិពាហ៍ដ៏ធំចុងឆ្នាំ២០២៣ របស់កូនប្រុសស្រីអ្នកឧកញ៉ាទាំងពីររូប បានរៀបចំឡើងយ៉ាងរលូន និង ពោរពេញដោយ ភាពសប្បាយរីករាយ អបអរគូរស្នេហ៍ថ្មោងថ្មីចាប់ដៃគ្នា កសាងគ្រួសារមួយប្រកបដោយសុភមង្គល។
សូមជម្រាបជូនផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រៅពីពិធីមង្គលការរបស់កូនប្រុសស្រី របស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា សៀ ឬទ្ធី ក៏មានពិធីមង្គលការធំៗមួយចំនួនទៀតដូចជា មង្គលការ ថៅកែពេជ្រល្បីឈ្មោះ ឧកញ៉ា ទ្រី ដាណា និងកូនកម្លោះ រស់ រជ្ជសាល ព្រមទាំងពិធីមង្គលរបស់លោក ដួង ឆាយ ជាមួយកូនក្រមុំនាម ហ៊ លីម៉ី ផងដែរ៕
អត្ថបទ៖ សុកធា