ក្រសួងកិច្ចការនារី និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់សេវាកញ្ចប់សុខភាពដល់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិតអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឧកញ៉ា គួន ធីតាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា នៅអាគារនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា នាថ្ងៃទី ០២ មករា ២០២៤។
ថ្លែងក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះផងដែរ ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្ហាញនូវចក្ខុវិស័យរបស់ខ្លួនថា៖ នាងខ្ញុំមានចក្ខុវិស័យ ចង់ឱ្យប្រជាជនខ្មែរទទួលបានសេវាកម្មសុខាភិបាលដែលមានគុណភាពស្តង់ដាអន្តរជាតិ ដោយមិនចាំបាច់ចំណាយច្រើនទៅក្រៅប្រទេសដើម្បីទទួលការព្យាបាល និងមានគោលដៅចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការពង្រឹងវិស័យសុខាភិបាលក្នុងស្រុក កាត់បន្ថយការចេញទៅព្យាបាលនៅស្រុកក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា។ដូច្នេះហើយទើបមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវសេវាតម្លៃដ៏សមរម្យរបស់ខ្លួន ដោយប្រកាន់យកគោលការណ៍ “តម្លៃក្នុងស្រុក គុណភាពស្តង់ដារអន្តរជាតិ” ដើម្បីឱ្យប្រជាជនទូទៅគ្រប់កំរិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពពីមន្ទីរអន្តរជាតិអរៀនដា! ពិតប្រាកដណាស់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងចំណោមមន្ទីរពេទ្យផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចំពោះតម្លៃ ខ្ញុំអាចធានាបានថានៅទីនេះ តម្លៃរបស់យើងគឺ សមរម្យជាងគេបំផុត។ក្រៅពីតម្លៃសមរម្យ យើងខ្ញុំក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាល ដោយមន្ទីរពេទ្យយើងខ្ញុំប្រមូលផ្គុំដោយវេជ្ជបណ្ឌិត និងបុគ្គលិកគ្រប់ផ្នែកដែលមានសមត្ថភាព បទពិសោធន៍ និងក្រមសីលធម៌ វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពផងដែរ។
ទន្ទឹមគ្នានោះផងដែរ ឧកញ៉ា គួន ធីតាបានបន្ថែមថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានចូលរួមចំណែកក្នុងការជួយពង្រឹងវិស័យសុខាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាអ្នកជម្ងឺចេញទៅស្វែងរកសេវាសុខាភិបាលក្រៅប្រទេស និងសូមគោរពកោតសរសើរលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីដែលបានគិតគូពីសុខមាភាព និងសុខភាពរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងកិច្ចការនារីទាំងមូល តាមរយៈការចុះអនុស្សរណៈជាមួយមន្ទីរពេទ្យយើងខ្ញុំ ដើម្បីឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងទាំងមូលទទួលបានសេវាកម្មសុខាភិបាល ដែលប្រកបដោយគុណភាព និងតម្លៃសមរម្យ។
ជាកិច្ចបន្ទាប់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៏បានមានមតិសំណេះសំណាល និងលើកឡើងថា “ ខ្ញុំធ្លាប់ណែនាំអ្នកជម្ងឺជាច្រើនមកព្យាបាលនៅសាខាទី១ របស់មន្ទីរពេទ្យអន្តរជាតិអរៀនដា ឃើញថាអ្នកជម្ងឺទាំងនោះពេញចិត្ត និងខ្ញុំសូមកោតសរសើរដល់មន្ទីរពេទ្យអន្តរជាតិអរៀនដាដែលជាមន្ទីរពេទ្យក្នុងស្រុក ដែលមានភាពធំ ទូលាយ មានស្តង់ដា និងមានវេជ្ជបណ្ឌិតមានក្រមសីលធម៌ មិនចាញ់មន្ទីរពេទ្យនៅក្រៅប្រទេសនោះទេ និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី ព្រមទាំងក្រុមគ្រួសារមន្ត្រីនៃ ក្រសួងកិច្ចការនារី គួរតែជ្រើសរើសយកមន្ទីរពេទ្យអន្តរជាតិអរៀនដា ក្នុងការដោះស្រាយបញ្ហាសុខភាពណាមួយ ជៀសវាងទៅក្រៅប្រទេសចំណាយថវិកាច្រើន។
បន្ថែមក្នុងនោះផងដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបន្ថែមថា” វិស័យសុខាភិបាល និងវិស័យអប់រំ គឺជាវិស័យដែលមានអាទិភាពក្នុងរដ្ឋាភិបាល ដូច្នោះសូមឱ្យប្រជាជនគ្រប់រូបជឿទុកចិត្តលើវេជ្ជបណ្ឌិត និងមន្ទីរពេទ្យក្នុងស្រុក ជាងវេជ្ជបណ្ឌិតឬមន្ទីរពេទ្យនៅក្រៅស្រុក។
ជាកិច្ចបញ្ចប់ លោកជំទាវកិត្តិបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សានៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលបានខិតខំប្រឹងប្រែងចូលរួមពង្រឹងវិស័យសុខាភិបាលកម្ពុជាតាមរយៈ ការផ្តល់សេវាកម្មសុខាភិបាលឯកជនជូនប្រជាពលរដ្ឋ ដែលប្រកបដោយគុណភាព និងតំលៃសមរម្យ និងសូមជូនពរជួបតែ វិបុលសុខ និងសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕