ប្រធានសកលវិទ្យាល័យ Harvard លោកស្រី Claudine Gay បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារ ទី២ ខែមករា បន្ទាប់ពីទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការលួចចម្លង និងការរើសអើងពូជសាសន៍ទាក់ទងទៅនឹងពួកសកម្មជនប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងបរិវេណសាលា ចំពេលកំពុងមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោកស្រី Gay ត្រូវបានគេរិះគន់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានរបាយការណ៍លេចឡើងដោយចោទថាលោកស្រី មិនបានដកស្រង់ប្រភពអ្នកប្រាជ្ញឲ្យបានត្រឹមត្រូវ ដោយការចោទប្រកាន់នេះ ត្រូវបានចេញផ្សាយដោយក្រុមអនាមិកនៅក្នុងបណ្តាញអនឡាញរបស់ពួកអភិរក្សនិយមមួយ។
ទន្ទឹមនេះ លោកស្រី Gay ក៏បានធ្លាក់ចូលទៅក្នុងរឿងអាស្រូវផងដែរ ដោយសារតែលោកស្រីបដិសេធមិននិយាយច្បាស់លាស់ ចំពោះការបង្ហោះសាររើសអើងនិងបង្កឲ្យមានហេតុឆ្ពោះទៅរកអំពើប្រល័យពូជសាសន៍ដោយសារជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងអំឡុងពេលផ្តល់សក្ខីកម្មទៅកាន់សភា កាលពីខែមុន ដែលនេះគឺជាការបំពានក្រមសីលធម៌របស់សកលវិទ្យាល័យ Harvard។
ក្រោយកើតរឿងនេះ សមាជិកសភាជាង ៧០ នាក់ រួមទាំងអ្នកប្រជាធិបតេយ្យពីរនាក់ បានអំពាវនាវឲ្យលោកស្រី Gay លាលែងពីតំណែង ខណៈពេលដែលអតីតនិស្សិត និងម្ចាស់ជំនួយធំៗ នៅសាកលវិទ្យាល័យ Harvard មួយចំនួនក៏បានអំពាវនាវឲ្យលោកស្រីចាកចេញពីតំណែងនេះផងដែរ។
លោកស្រី Gay ដែលជាជនជាតិស្បែកខ្មៅដំបូងគេធ្វើជាប្រធានសាកលវិទ្យាល័យកំពូល នៅក្នុងទីក្រុងខេមប្រ៊ីដ រដ្ឋម៉ាសាឈូសេត បាននិយាយនៅក្នុងលិខិតលាលែងពីតំណែងរបស់ខ្លួនថា លោកស្រីត្រូវបង្ខំចិត្តធ្វើបែបនេះ បន្ទាប់ពីទទួលរងនូវការគំរាមកំហែងផ្ទាល់ខ្លួន និង ការរើសអើងជាតិសាសន៍ធ្ងន់ធ្ងរ។
ជម្រាបជូនផងដែរថា នៅសហរដ្ឋអាមេរិក ភាពចម្រូងចម្រាសទៅនឹងពួកសកម្មជនប្រឆាំងជនជាតិជ្វីហ្វក្នុងបរិវេណសាលាបានកើនឡើងយ៉ាងខ្លាំង ចំពេលមានការវាយប្រហារ និងសាររិះគន់ទៅលើជនជាតិជ្វិហ្វ និងមូស្លីម រួមទាំងនៅតាមសាកលវិទ្យាល័យផ្សេងទៀតក្នុងសហរដ្ឋអាមេរិកផងដែរ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើង៕